BREAKING NEWS: ជនជាតិថៃសរុប៩នាក់ ត្រូវបានគេចាប់បង្ខាំងទុក, ពេលនេះកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃជួយអន្ដរាគមន៍ទាន់ពេល
05-12-2017 19:01
(ភ្នំពេញ)៖ ជនជាតិថៃ៩នាក់ ត្រូវបានជនជាតិចិនតៃវ៉ាន់ និងម៉ាឡេស៊ី សរុប៣នាក់ ចាប់បង្ខាំងស្ថិតនៅទីតាំងមួយកន្លែង ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិច។
លោកឧត្តមសេនីយ៍ សុខ ខេមរិន បានបញ្ជាក់ថា ជនរងគ្រោះចំនួន៩នាក់ជាជនជាតិថៃ (មានស្រី២នាក់) ហើយជនល្មើសមានគ្នា៣នាក់ ជនជាតិចិនតៃវ៉ាន់២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។
ប៉ុន្ដែកម្លាំងនគរបាលរបស់លោក សហការជាមួយមន្ដ្រីស្ថានទូតថៃ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានបើកប្រតិបត្តិការជួយសង្គ្រោះបានដោយជោគជ័យ ដោយរំដោះជនរងគ្រោះទាំង៩នាក់ និងអ្នកចាប់បង្ខាំងទាំង៣នាក់ ហើយយកទៅសួរនាំបន្ដចាត់វិធានការតាមច្បាប់ នៅនាយកដ្ឋានព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ។
Fresh News នឹងបន្តចេញផ្សាយព័ត៌មានបន្ថែម៕