ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ បញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះបង្រ្កាបទីតាំងល្បែងកន្ទុយលេខ១កន្លែង នៅស្រុកបរសេដ្ឋ ឃាត់ខ្លួនបានមេកន្ទុយលេខ២នាក់ និងវត្ថុតាងមួយចំនួន
05-12-2017 18:45
(កំពង់ស្ពឺ)៖ លោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងអាវុធហត្ថស្រុកសំរោងទង និងមូលដ្ឋានអាវុធហត្ថស្រុកបរសេដ្ឋ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងកន្ទុយលេខដ៏ធំមួយ នៅចំណុចភូមិដូនពេញ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧។
បើតាមមន្ដ្រីនគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្ដិការខាងលើនេះ បានឃាត់ខ្លួនមេកន្ទុយលេខបានចំនួន២នាក់ ទី១៖ ឈ្មោះ ហៀង ឃីម ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមេកន្ទុយលេខ មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ និងទី២៖ ឈ្មោះ ខេង ផល្លី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមេកន្ទុយលេខ មានទីលំដូចគ្នា។
មន្ដ្រីនគរបាលបន្ដថា ដកហូតវត្ថុតាង និងសម្ភារ រួមមាន៖ លុយខ្មែរ១៥២ម៉ឺនរៀល, លុយបាត១៦០បាត, ក្រដាស់រ៉ាម៣ដុំ, កាស្យូចំនួន២, ប៊ិច៣ដើម, ក្រដាស់កន្ទុយលេខធំ កត់រួច ៧២សន្លឹក, ក្រដាស់កត់កន្ទុយលេខខ្នាតតូច មួយចំនួនធំ, ទូរស័ព្ទ២គ្រឿង, ដែកកឹប១។
បច្ចុប្បន្ន មេកន្ទុយលេខទាំង២នាក់ និងវត្ថុតាងខាងលើ បានបញ្ជូនមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការទៅតាមនីតិវិធី៕