(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ជនពិការ ស្រ្តីពិការ មានសិទ្ធិនិងមានឱកាសស្មើគ្នាដូចស្ត្រី ដើម្បីទទួលបានការអភិវឌ្ឍ និងការគោរព ស្រទ្បាញ់ ពីសង្គម។ លោកបានបន្តថា សិទ្ធិជនពិការ ជាពិសេសស្ត្រីពិការ ត្រូវបានការពារដោយច្បាប់ ការអប់រំផ្សព្វផ្សាយ អំពីសិទ្ធិជនពិការ ត្រូវបានយកចិត្តទុកដាក់អនុវត្តយ៉ាងទូលំទូលាយ ការរើសអើងជនពិការនៅក្នុងសង្គម ត្រូវបានកាត់បន្ថយ ជាបណ្តើរៗ ហើយស្រ្តីពិការនៅតាមសហគមន៍ត្រូវបានលើកទឹកចិត្តឱ្យបង្កើតជាក្រុមជួយខ្លួនឯង ប្រមាណ១.៩៦៦ក្រុម អង្គការជនពិការប្រមាណ៧០អង្គការ និងសហាព័ន្ធស្ត្រីពិការប្រមាណ១២។
លោក បានបន្ថែមថា អង្គការជនពិការមួយចំនួនស្រ្តីពិការគឺជាអ្នកដឹកនាំឬយ៉ាងហោចណាស់ ស្ត្រីពិការគឺជាហិរញ្ញឹកតាមរយៈ ការបោះឆ្នោតគាំទ្រ និងជ្រើសរើសដោយសមាជិកក្នុងក្រុមរបស់ខ្លួន។ ស្ត្រីពិការមួយចំនួនជាសមាជិកគណៈកម្មាធិការពិគ្រោះ យោបល់សម្រាប់ស្ត្រីនិងកុមារនៅថ្នាក់ឃុំ សង្កាត់។
លោក ឯម ច័ន្ទមករា បានលើកឡើងបែបនេះ ខណៈ លោកចូលរួមនៅក្នុង សិក្ខាសាលាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការ រើសអើងចំពោះស្រ្តីពិការ ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី និងមានការចូលរួមពីលោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ សិក្ខាសាលាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការ រើសអើងចំពោះស្រ្តីពិការរៀបចំធ្វើរយៈពេល២ថ្ងៃ ពោលគឺនាថ្ងៃទី០៣ និងទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
លោក ឯម ច័ន្ទមករា បានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានបន្តយកចិត្តទុកដាក់ដល់បងប្អូនជនពិការដោយចាត់ទុកការងារពិការភាពគឺជាវិស័យអាទិភាព។ បច្ចុប្បន្នបងប្អូនជនពិការជាពិសេសស្រ្តីពិការកាន់តែមានសមត្ថភាពក្នុងការប្រកួតប្រជែងក្នុងទីផ្សារពលកម្មដែលអាចរកប្រាក់ចំណូលដើម្បីធានានិរន្តរភាពជីវភាពរស់នៅប្រកបដោយឯករាជ្យ ម្ចាស់ការ និងសេចក្តីថ្លៃថ្នូរតាមរយៈកម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈនិងបង្កើតមុខរបរដែលធានាដោយរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាល បាននិងកំពុង ជំរុញការអនុវត្តសិទ្ធិសម្រាប់ជនពិការ ដោយផ្តោតចម្បងលើការបង្កលក្ខណៈងាយស្រួល រួមបញ្ចូល ទាំងបរិស្ថានរូបវន្ត មធ្យោបាយធ្វើដំណើរ ព័ត៌មាននិងទំនាក់ទំនង នាវ ដោយឈរលើមូលដ្ឋាន ស្មើភាពគ្នា ជាមួយជនមិនពិការ។
កន្លងមកក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាលតែងបានជំរុញនូវការបង្កលក្ខណៈងាយស្រួលដល់ជនពិការ នៅបរិស្ថាន រូបវន្ត និងមធ្យោបាយធ្វើដំណើរ ព័ត៌មាន និងទំនាក់ទំនង រួមទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាកម្មផ្សេងៗទៀតបើកផ្តល់ឲ្យប្រើជាសាធារណៈ នៅទីក្រុងនិងទីជនបទ។
ស្រ្តីពិការត្រូវបានផ្តល់សិទ្ធិអំណាចជាក់ស្តែង នៅក្នុងចំណោមសមាជិក សមាជិកាទាំង៥៨រូប នៃក្រុមប្រឹក្សាសកម្មភាព ជនពិការ មានស្ត្រីពិការ២រូបគឺ កញ្ញា ស្រេង វណ្ណី ជាស្រ្តីពិការគថ្លង់មកពីអង្គការគ្រួសារថ្មី និងលោកស្រី សុង កុសល្យ ជាស្រីពិការកាយសម្បទាមកពីអង្គការមេត្តាករុណាហើយលោកស្រីក៏ជាទូតសុឆន្ទះលើការងារមីននៅក្នុងកម្រិតអន្តរជាតិផងដែរ។
កន្លងមកតាមរយៈកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត និងមន្ទីរកិច្ចការនារីខេត្ត ករណីរំលោភបំពានផ្លូវភេទលើស្រ្តីពិការត្រូវបានអន្តរាគមន៍និងដោះស្រាយទាន់ពេលវេលា ជាក់ស្តែងការ ដូចជាក្នុងករណីរំលោភផ្លូវភេទស្រ្តីពិការគ-ថ្លង់នៅខេត្តកំពត អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការសហការជាមួយប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពត ដោយមានការចូលរួមពីមន្ទីរកិច្ចការនារីខេត្តករណីខាងលើត្រូវបានដោះស្រាយភ្លាមៗផងដែរ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ បានបន្តថា ជាការពិតណាស់ រាជរដ្ឋាភិបាលបានទទួលស្គាល់សេចក្តីថ្លៃថ្នូរ តម្លៃ កិត្តិយស និងសិទ្ធិស្មើគ្នារបស់ជនពិការគ្រប់រូប ដែលជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាព ស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនពិការ ហើយទទួលស្គាល់ថា ពិការភាព គឺជាទស្សនទានដែលមានការវិវឌ្ឍន៍។ បើទោះបី ពិការភាពកើតចេញពីអន្តរកម្មរវាងជនពិការ និងឧបសគ្គរារាំងទាំងឡាយ ដែលទាក់ទងទៅនឹងហេតុធ្វើអោយជនពិការមានការលំបាកចូលរួម ក្នុងសកម្មភាពសង្គមពេញលេញយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលតែងបានការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ជាមួយជនដែលគ្មានពិការភាពដែរ៕