(កំពង់ចាម)៖ ប្រធានយុវជនបង្គោលចុះជួយស្រុកជើងព្រៃ លោក ម៉ឹង មករា បានលើកឡើងថា សុខភាពជាកត្តាសំខាន់បំផុត ដែលគ្រប់គ្នាមិនត្រូវមើលរំលង ការធ្វេសប្រហែសមិនបានថែទាំសុខភាព ជាការខាតបង់ប្រយោជន៍មួយដ៏ធំ និងបង្កើនការចំណាយនានា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅ ប្រចាំថ្ងៃ។
លោក ម៉ឹង មករា បានលើកឡើងបែបនេះ ខណៈដែលលោករួមជាមួយក្រុមការងារ មន្រ្តីមណ្ឌលសុខភាពឃុំ ស្តើងជ័យ ឃុំស្រម៉រ និង ឃុំព្រីងជ្រុំ រួមទាំងប្រជាពលរដ្ឋ ប្រហែល១០០នាក់ បានចូលរួមក្នុងកម្មវិធីប្រគល់ និងទទួល ឧបករណ៍សម្ភារៈពេទ្យ ជាអំណោយរបស់ពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន នៅស្រុកព្រៃឈ ខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។ សម្ភារៈទាំងនោះរួមមាន គ្រែចំនួន០៤, រទេះរុញចំនួន ០៥, ប្រដាប់វាស់ឈាមចំនួន០៤ កន្រ្តៃយ៍០៦ កន្រ្តៃយ៍កាត់ទ្វារ០៦ រួមទាំងប៉ាំងកៀប១២ ផងដដែរ។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងរួមចំណែកជួយគាំទ្រដល់ មូលដ្ឋានធ្វើយ៉ាងណាឱ្យមណ្ឌលសុខភាព មានសម្ភារល្អ ក្នុងការប្រើប្រាស់ នឹងជួយសម្រួលដល់ ការពង្រឹងផ្នែកជំនាញ ពិសេសរួមចំណែក ក្នុងវិស័យសុខភាពសាធារណៈ ឱ្យមានភាពប្រសើរឡើង។
លោក ម៉ឹង មករា បានលើកឡើងបន្តទៀតថា សុខភាពជាកត្តាសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ៗ ដូច្នេះការចាប់ផ្តើម ហាត់កីឡា រស់នៅស្អាត នឹងរួមចំណែកធ្វើឲ្យជីវិតរស់នៅ ភាពល្អប្រសើរផងដែរ។
លោកក៏បានលើកទឹកចិត្តឲ្យមន្ត្រីនៅមណ្ឌលសុខភាពបង្កើនការបម្រើ និងផ្តល់នូវសេវាសុខភាពជូនពលរដ្ឋឱ្យបានកាន់តែប្រសើរ ស្របតាមគោលការណ៍ កំណែទម្រង់របស់រដ្ឋាភិបាល ដែលមន្រ្តីត្រូវធ្វើខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ និងជាដៃគូក្នុងការអភិវឌ្ឍផងដែរ៕