(ភ្នំពេញ)៖ «ក្រុមអ្នកនយោបាយបក្សប្រឆាំងមិនខ្លាំង បានត្រឹមតែនិយាយបូរបាច់យកតែល្អ ប៉ុន្តែសាច់ការគ្មាន»។ សម្តីអ្នកតាមដាននយោបាយ និងពលរដ្ឋខ្មែរ នេះពិតជាត្រឹមត្រូវ និងកាន់តែត្រឹមត្រូវថែមទៀត ពេលបានស្តាប់សម្តីរបស់អតីតមេបក្សប្រឆាំង នៅក្នុងបទសម្ភាសជាមួយ អ្នកកាសែតបារាំងបីនាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍បារាំងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ នៅក្នុងរយៈពេលជិត៥០នាទីនៃខ្លឹមសារបទសម្ភាសន៍ ទណ្ឌិត សម រង្ស៊ី ដែលប្រកាសខ្លួនថា ជាតំណាងឱ្យបក្សសង្គ្រោះជាតិ បានព្យាយាមនៅក្នុងការបង្ហាញខ្លួនក្នុងចំណោមអ្នកមិនដឹងអំពីស្ថានភាពកម្ពុជាពិតប្រាកដថា ខ្លួនគឺជាអ្នកស្នេហាជាតិ ជាអ្នកប្រជាធិបតេយ្យដ៏ស្មោះត្រង់ និងជាជនរងគ្រោះនៃអំពើផ្តាច់ការ។
សម រង្ស៊ី បានតាំងខ្លួនជាអ្នកវិភាគលើស្ថានភាពនយោបាយ ក្នុងតំបន់ ទាំងខ្លួនមិនបានយល់ច្បាស់អ្វីទៅហៅថាភូមិសាស្ត្រ នយោបាយ និងបរិបទប្រវត្តិសាស្ត្រជុំវិញ រឿងរ៉ាវដែលខ្លួនបញ្ចេញយោបល់។ ការណ៍នេះបង្ហាញថា ភាពក្មេងខ្ចីក្នុងការវាយតម្លៃលើសភាពការណ៍ក្នុងប្រទេស តំបន់និងពិភពលោកហើយដោយសារ
តែខ្លីក្នុងគំនិត ចេះតែញុះញង់ បញ្ឆេះកំហឹងរាស្ត្រ ទើបធ្វើឱ្យ សម រង្ស៊ី ត្រូវជាប់ជំពាក់នឹង សំណាញ់ច្បាប់រហូតដល់សម្រេចចិត្តនិរទេសខ្លួនដោយខ្លួនឯង ដើម្បីអាចគេចផុតពីការទទួល ខុសត្រូវចំពោះទង្វើល្មើសច្បាប់របស់ខ្លួន។
ទណ្ឌិត សម រង្ស៊ី បានប្រឈមមុខនឹងសំណួរជាច្រើនដែលពេលខ្លះ សម រង្ស៊ី ហាក់ ដូចជារារែកក្នុងការឆ្លើយ ហើយចម្លើយខ្លះមានភាពមិនច្បាស់លាស់ ឬពេលខ្លះបំផ្លើស តែម្តង។ នៅពេលចោទសួរថា បក្សសង្គ្រោះជាតិរបស់លោកត្រូវបានរំលាយប្រធានគណបក្ស កឹម សុខា ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ។ តើលោកគិតថាលោកមាន តួនាទីអ្វី ត្រូវធ្វើនៅក្នុងប្រទេសរបស់លោក? តើលោកគិតថាលោកអាចនឹងវិលត្រឡប់ទៅកម្ពុជាវិញទេ? សម រង្ស៊ី មិនខ្ចីនិយាយនឹកឈ្មោះកឹម សុខា និងការជាប់ឃុំ របស់អតីតដៃគូនយោបាយរបស់ខ្លួនទេ និងឆ្លើយមិនចំសំណួរព្រោះ សម រង្ស៊ី មិនចង់ចងជើងខ្លួនឯងនឹងពាក្យ «សន្យាថានឹងវិលត្រឡប់ចូលមកកម្ពុជាវិញ» ខណៈពាក្យសន្យានេះ ត្រូវបានធ្វើជាច្រើនដង ប៉ុន្តែ សម រង្ស៊ី មិនបានគោរពសូម្បីតែមួយដងក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ ដោយគ្រាន់តែឆ្លើយថា ស្ថានការណ៍មានការប្រែប្រួលផ្លាស់ប្តូរ គឺនឹងមិនអាចនៅដូច្នេះទេ។ សម រង្ស៊ី គ្មានសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីឈានជើងជាន់ទឹកដីកម្ពុជាសាជាថ្មីឡើយ និងក្នុងអារម្មណ៍ភ័យខ្លាចគុកច្រវ៉ាក់ និងភ័យខ្លាចស្លាប់ជានិច្ច។ ចរិតនេះគឺផ្ទុយគ្នារវាងភាពក្លាហានក្នុងការបង្កបញ្ហា ប៉ុន្តែសម រង្ស៊ី កំសាកនៅចំពោះមុខទង្វើ អាក្រក់របស់ខ្លួន។
ផ្ទយមកវិញ សម រង្ស៊ី បែរជាមានអំណួតថា នេះមិនមែនជាលើកទី ១ទេដែលខ្លួនបាននិរទេសពីទឹកដីខ្មែរថែមទាំងលើកនេះទៀត សម រង្ស៊ី បាននិរទេសខ្លួនជាលើកទី ៥ ហើយគាត់បានទៅមកកម្ពុជានៅពេលមានការវិវឌ្ឍនៃស្ថានការណ៍នយោបាយ។ នេះពិតជាភូតអាជីពមែន! សម រង្ស៊ី ដែលត្រូវបានគេដឹងថា ជាមនុស្សមុនគេដែលមន្ត្រីអ៊ុនតាក់នៅកម្ពុជា បានព្រមានអំពីការប្រើប្រាស់វោហាសាស្ត្រប្រឆាំងនឹងជនជាតិវៀតណាម បានព្យាយាម ក្នុងការលាងនូវកំហុសឆ្គងដ៏ឆ្ងន់ធ្ងរ របស់ខ្លួនអំពីការកេងចំណេញនយោបាយតាមបែបសុន្ទរកថា ប្រកាន់ពូជសាសន៍។ សម រង្ស៊ី បាននិយាយកុហកអ្នកកាសែតបារាំង និងមួលបង្កាច់ស្ថាន ការណ៍ពិតនៅកម្ពុជាថា បច្ចុប្បន្ននេះមានអ្នកជំនាញការយោធាវៀតណាមនៅពាសពេញប្រទេសកម្ពុជា។
សម រង្ស៊ី បានកុហកទៀតថា មានកម្លាំងទ័ពសំខាន់របស់វៀតណាមនៅតាមព្រំដែន និងនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា។ តើ សម រង្ស៊ី ពិតជាកំពុងយល់ សប្តិ ឬលាបជំងឺចាស់ឬ? សម រង្ស៊ី នៅក្រៅប្រទេសច្រើនពេក និងវក់នឹងការភូតកុហកសហគមន៍អន្តរជាតិ និងបានភូតកុហកប្រជាជនកម្ពុជា បានជាមិនបានយល់ដឹងឱ្យច្បាស់ពីកម្ពុជាពិត។ ដោយសារតែការវាយតម្លៃខុសនេះហើយ ដែលធ្វើឱ្យ សម រង្ស៊ី ជាប់ជុចដោយសារតែ អណ្តាត និងមាត់ឥតគម្របរបស់ខ្លួន។
សម រង្ស៊ី បានចោទទាំងងងើលថា កងទ័ពកម្ពុជាគ្មានវត្តមាននៅតាមព្រំដែនដើម្បីការ ពារជាតិមាតុភូមិ ប៉ុន្តែមានតែនៅទីក្រុង។ បើ សម រង្ស៊ី មិនទទួលស្គាល់ការលះបង់ សាច់ស្រស់ឈាមស្រស់របស់វរកងទ័ពនៅក្នុងការការពារបូរណភាពដែនដី អធិបតេយ្យភាពជាតិប្រឆាំងនឹងការឈ្លានពានរបស់បរទេស គួរ សម រង្ស៊ី កុំមាក់ងាយលើការលះបង់ តស៊ូលំបាក ហាលខ្យល់ហាលភ្លៀងរបស់កងទ័ពដែលបាននិងកំពុងការពារព្រំដែនខ្មែរដោយអង់អាចក្លាហាន។
គេនៅចាំបានថាក្រុមមន្ត្រីរបស់បក្ស សម រង្ស៊ី បានមាក់ងាយកងទ័ពខ្មែរយ៉ាងខ្លាំង និងមាក់ងាយទឹកចិត្តប្រជាពលរដ្ឋយ៉ាងខ្លាំងដែលបានរៃអង្គាសថវិកា សម្ភារៈដើម្បីជួយឧបត្ថម្ភ សមរភូមិមុខនៅតំបន់ប្រាសាទព្រះវិហារប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃនៃរដ្ឋាភិ បាល នាយករដ្ឋមន្ត្រី អាភីស៊ី វេចាជីវ៉ា។ សម រង្ស៊ី ក៏បាននិងកំពុងមាក់ងាយទឹកចិត្តរបស់វរកងទ័ពខ្មែរដែលបានធ្វើដំណើរទាំងយប់ទាំងថ្ងៃ ចល័តពីតំបន់មួយទៅតំបន់មួយទៀតបន្ថែម កម្លាំងជាមួយកងទ័ព ដែលឈរជើងស្រាប់នៅមូលដ្ឋាន ដើម្បីការពារព្រំដែនខ្មែរនៅក្នុងទឹកដីអូរអាល័យ ខេត្តស្ទឹងត្រែងពេលកងកម្លាំងកងទ័ពឡាវមកឈរជើងលើដីខ្មែរ។ តើនេះឬជាអ្នកនយោបាយស្នេហាជាតិនោះ? បើខ្លួនមិនបានជួយអ្វីដល់ជាតិ សូមកុំនាំគ្រោះចង្រៃមកជូនជាតិ និងប្រជាជន និងបំបាក់ទឹកចិត្តវរកងទ័ពខ្មែរ។
គោលជំហរមិនច្បាស់លាស់របស់ សម រង្ស៊ី លើវិស័យការទូតគួបផ្សំនឹងការគ្មានបទ វិសោធលើវិស័យនយោបាយ និងកងទ័ព បានធ្វើឱ្យសម រង្ស៊ី អត្ថាធិប្បាយបែបវង្វេងវង្វាន់ លើគោលជំហរខ្លួន។ សម រង្ស៊ី បានប្រើប្រាស់សុន្ទរកថា ស្អប់ខ្ពើមប្រកាន់ពូជសាសន៍ដើម្បីទាញសំឡេងឆ្នោតដោយបានចោទថា ប្រាសាទអង្គរវត្តត្រូវបានលក់ឱ្យជនជាតិវៀតណាម ជនជាតិវៀតណាមលួចការងារខ្មែរ និងលួចធនធានធម្មជាតិខ្មែរជាដើម។ ប៉ុន្តែនៅពេលដែលអ្នកកាសែតមកពីកាសែតឡឺម៉ុង សួរថាសារទាំងអស់នេះ គឺអាចនាំឱ្យមានអំពើហិង្សា និងនាំឱ្យមានការប្រកាន់ពូជសាសន៍។ សម រង្ស៊ី ព្យាយាមក្នុងការគ្រលាស់សម្តី និងបាននិយាយថា បច្ចុប្បន្ននេះប្រទេសវៀតណាម និងសហរដ្ឋអាមេរិកបានចងសម្ព័ន្ធភាពជាមួយ គ្នាប្រឆាំងនឹងចិន។ កាលណាភូមិសាស្ត្រនយោបាយប្រែប្រួល នោះគោលជំហរបក្សនិងសារ នយោបាយក៏ប្រែប្រួលទៅតាមនោះដែរ។ ដោយអនុវត្តតាមចៅហ្វាយនាយបរទេសរបស់ខ្លួន សម រង្ស៊ី ចាប់ផ្តើមវាយប្រហារប្រទេសចិនវិញម្តង និងបានកំពុងតែប្រើវោហារសាស្ត្រស្អប់ ខ្ពើមជនជាតិចិន និងប្រទេសចិន។ តើនេះបង្ហាញថា សម រង្ស៊ី ជាអ្នកនយោបាយគោរពសិទ្ធិ មនុស្ស មិនស្អប់ខ្ពើមជាតិសាសន៍ដូចដែលខ្លួនតែងតែអួតប្រាប់បរទេសមួយចំនួនដែលមិន ស្គាល់ខ្លួនច្បាស់? តាមពិត សូម្បីក្នុងក្រុមគ្រួសារ សម រង្ស៊ី ក៏មិនបានផ្តល់ការគោរពចំពោះ បាវបម្រើរបស់ខ្លួនផង។ អ្នកបម្រើនៅក្នុងផ្ទះ សុទ្ធតែដើរជើងទា គោរពឱនលំទោនស្ទើរក្បាល ដល់ដី។ នេះហើយជានិមិត្តរូបនៃសិទ្ធិមនុស្សរបស់ក្រុមបស្ទិមប្រទេសមួយចំនួនដែលកំពុងតែព្យាយាមលើកតម្កើង និងព្យាយាមជួយប្រស់ឱ្យបក្សក្បត់ជាតិរស់ឡើងវិញ។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជា សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយមាន់សម្លរ អង្ករកំប៉ុង និងជា និមិត្តរូបនៃនយោបាយប្រជាភិថុតបោកប្រាស់ប្រជារាស្ត្រខ្មែរតែប៉ុណ្ណោះ។
អ្វីដែល សម រង្ស៊ី និងគូកនរបស់ខ្លួនដែលកំពុងតែរត់គេចចេញពីសំណាស់ច្បាប់និង បានដើរសម្អុយកេរ្តិ៍ឈ្មោះខ្មែរនេះ មិនមែនជាលើកទី១ទេ ហើយក៏មិនមែនជាទីបញ្ចប់ដែរ។ ពួកគេបាននិងកំពុងព្យាយាមបំផ្លាញសេចក្តីសុខដែលជាតិ និងប្រជាជនមាន។ ដើម្បីបំពេញមហិច្ឆតាអំណាច សម រង្ស៊ី មិនមានភាពអៀនខ្មាសក្នុងការបញ្ចេញផែនការដ៏ទុច្ចរិតកៀងគរអន្តរជាតិដើម្បីដាក់សម្ពាធមកលើកម្ពុជាដើម្បីលុបលាងអំពើក្បត់ជាតិរបស់ខ្លួនដែលខ្មែរ មិនអាចអត់ឱនឱ្យបានឡើយ។ ពួកគេបានដើរធ្វើបាតុកម្មដើម្បីរៃអង្គាសប្រាក់ធ្វើអាជីវកម្មនយោបាយរបស់ខ្លួន ហើយក្រុមជនក្បត់ជាតិទាំងនេះ កំពុងអនុវត្តនូវគោលនយោបាយដ៏ស្មោគគ្រោកស្នើឱ្យបរទេសកាត់ជំនួយមកកម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ ទង្វើ សម រង្ស៊ី និងបក្ខពួកខ្លួនបាននិងកំពុងធ្វើគឺជាការបំផ្លាញជាតិ និងវាយបំបែកឆ្នាំងបាយរបស់ប្រជាជនកម្ពុជាយ៉ាងជាក់ច្បាស់។ មួយថ្ងៃៗ ទណ្ឌិត សម រង្ស៊ី និងគូកនក្បត់ជាតិព្យាយាមបំផ្លាញកម្ពុជា តាមគ្រប់រូបភាពរួមមានបាតុកម្ម និងការដើរញុះញង់ សម្អុយកេរ្តិ៍ឈ្មោះខ្មែរជាដើម។ ពួកគេត្រូវតែទទួលខុសត្រូវជាដាច់ខាត នៅចំពោះមុខប្រជាជនកម្ពុជា និងប្រវត្តិសាស្ត្រខ្មែរ។
ជារួម សម រង្ស៊ី គឺជាមនុស្សគ្រោះថ្នាក់បំផុតសម្រាប់ជាតិកម្ពុជា! ចាប់តាំងពីឈានចូលក្នុងឆាកនយោបាយខ្មែរ សម រង្ស៊ី មានតែនាំរឿងដល់ជាតិ និងប្រជាជន និងការបោកប្រាស់។ កាន់តែគ្រោះថ្នាក់ថែមទៀត ប្រសិនបើ សម រង្ស៊ី មានវាសនាឡើងដឹកនាំប្រទេស ព្រោះក្នុងចិត្តរបស់ សម រង្ស៊ី ពោរពេញទៅដោយគំនុំសងសឹក និងបញ្ហាផ្លូវចិត្តដែលក្នុងចិត្ត បុរសម្នាក់នេះ គឺប្រសិនបើខ្លួនមិនអាចគ្រប់គ្រងដឹកនាំប្រទេសបាន អ្នកផ្សេងទៀតនឹងមិនអាចនៅសុខបានឡើយ និងផ្តាច់ការខ្លាំងជាង នរណាទាំងអស់ដូចដែលបណ្ឌិត កែម ឡី បានលើកឡើង។ រោគចិត្តវាយប្រហារជាតិសាសន៍ឯង និងបំផ្លាញជាតិសាសន៍ខ្លួនឯងនេះដែល សម រង្ស៊ី បាននិងកំពុងជួបប្រទះនេះ កើតចេញពីស្ថានភាពនយោបាយរយៈពេល ២០ ឆ្នាំមកនេះដែល សម រង្ស៊ី ចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់បំផុតនៅក្នុងការបោះឆ្នោត ៤ អាណត្តិមកនេះ និងធ្វើនយោបាយចាប់តាំងពីមានបក្សរហូត ដល់អត់បក្ស និងជាប់ឈ្មោះជាអ្នកក្បត់ជាតិ និងមានទោសជាប់ខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជាច្រើនទៀត។ ដូច្នេះគោលជំហរត្រឡប់ត្រឡិនរបស់អ្នកនយោបាយប្រជាភិថុតិអាជីព សម រង្ស៊ី បានត្រឹមនាំឱ្យខ្លួន និងបក្សខ្លួនជាប់សំណាញ់ ច្បាប់តែប៉ុណ្ណោះ៕
ដោយ៖ ចៅ ចាក់ស្មុក