(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បានប្រកាសជូនដល់ពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់កាក់ឌីជីថល ពពួកប្រភេទ Bitcion (ការយកលុយទិញ តួលេខទឹកប្រាក់ ដែលបង្កើតដោយក្រុមហ៊ុនឯកជនបរទេស ដើម្បីចាយវាយជំនួសរូបិយប័ណ្ណ) ដែលកាក់ឌីជីថលនេះ កំពុងមានការចាប់អារម្មណ៍ច្រើន ពីសំណាក់ប្រជាជនក្នុងប្រទេសមួយចំនួន នៅលើពិភពលោក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៤ របស់ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សេរី អគ្គនាយិកា បច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងថា «ថ្មីៗនេះខ្ញុំបានលឺថា ក្រុមហ៊ុនមួយចំនួនបានដើរទៅបំផុសបំផុល ប្រជាពលរដ្ឋដែលលក់នៅ ក្នុងហាងទំនិញមួយចំនួន ឲ្យទទួលយកកាក់ឌីជីថលនេះ ជារូបិយប័ណ្ណ បន្ទាប់មកចាំយកកាក់នេះ ទៅប្ដូរជាមួយធនាគារមួយចំនួននៅកម្ពុជា ដើម្បីប្ដូរយកសាច់ប្រាក់មកវិញ មិនតែប៉ុណ្ណោះក្រុមហ៊ុននឹងផ្ដល់ប្រាក់កម្រៃជើងសារ ជូនដល់ពលរដ្ឋណាដែលបានប្រមូលគ្នីគ្នា ឲ្យទទួលយកកាក់ នេះជំនួសរូបិបណ្ណផងដែរ។ ក្នុងនាមជាធនាគារជាតិនៃកម្ពុជា ខ្ញុំសូមក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ថា កាក់ទាំងនោះ ធនាគារជាតិ មិនទទួលស្គាល់នោះឡើយ ព្រោះអាចជាឧបករណ៍មួយផ្ដល់ហានិភ័យខ្ពស់...ដូច្នេះប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នធនាគាជាតិសូមប្រកាសថា មិនទទួលស្គាល់ និងទទួលខុសត្រូវចំពោះការជួញដូរកាក់ឌីជីថល ដូចជាប្រភេទ Bitcoin នោះទេ»។
លោកស្រីបានបន្ថែមថា ធនាគារជាតិបានទាក់ទង ទៅខាងធនាគារពាណិជ្ជរួចរាល់ហើយដែរ ដោយក្រើនប្រាប់ថា មិនឲ្យធ្វើប្រតិបត្តិការណាពាក់ព័ន្ធ និងកាក់ឌីជថលនេះឡើយ ចំណែកពលរដ្ឋវិញក៏សូមប្រុងប្រយ័ត្នដូចគ្នាដែរ ព្រោះកាលណាទទួលកាក់នេះមកហើយ តែធនាគារពាណិជ្ជមិនទទួល នោះនឹងនាំឲ្យមានការខាតបង់។
សូមជម្រាបថា ការប្រើប្រាស់រូបបិយប័ណ្ណអេឡិចត្រូនិច (ប្រភេទ Bitcoin) បាននិងកំពុងពេញនិយមប្រើប្រាស់ នៅបណ្តាប្រទេសមួយចំនួន ដូចជាជប៉ុន អាមេរិក និងតំបន់អឺរ៉ុបជាដើម ដែលគេប្រើប្រាស់រូបិយប័ណ្ណនេះ ជំនួសក្រដាសប្រាក់៕