(ព្រះសីហនុ)៖ មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាឲ្យកម្លាំងអាវុធហត្ថ ឃាត់ខ្លូនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនជិត៥០កញ្ចប់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចក្រុមទី៤ ភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ។
បើតាមមន្រ្តីអាវុធហត្ថបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើង ដោយកម្លាំងអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោកអនុសេនីយ៍ឯក ថៃ គឹមសាន មេបញ្ជាការ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ខាត់ ចាន់ អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ដោយដកហូតបាន ម្សៅសថ្លា៤៩កញ្ចប់, ទូរស័ព្ទដៃ២គ្រឿង និងលុយ សម្ភារៈពាក់ព័ន្ធមួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
កាលពីម្សិលមិញ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានតាមស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យចំនួន៥នាក់ជាបន្ដបន្ទាប់ នៅក្នុងមូលដ្ឋានខេត្ត និងបន្ដចាប់បក្ខពួកនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទាប់ពីចាប់ជនសង្ស័យបានម្នាក់នៅតំបន់ទំនប់រលក ខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថជំនាញរបស់លោក បានសហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក រស់ សារ៉ាំ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តព្រះសីហនុ និងលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិសំបួរ ឃុំកាហែង ស្រុកសំរោងទង ដោយឃាត់ខ្លួនជនសង្ស័យបាន០៤នាក់ទៀត។
បើតាមលោកមេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ជនសង្ស័យដែលឃាត់បានខេត្តកំពង់ស្ពឺចំនួន៤នាក់ ទី១៖ ឈ្មោះ អ៊ិន វាសនា អាយុ១៩ឆ្នាំ, ទី២៖ ឈ្មោះ សំ សីហា អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ ម៉ៅ ស្រស់ អាយុ១៨ឆ្នាំ និងទី៤៖ ឈ្មោះ ឌុច ខុន អាយុ២៤ឆ្នាំ។ ក្នុងនោះកម្លាំងជំនាញដកហូតបាន ម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅស៊េរី២០១៥ ពាក់ស្លាកលេខភ្នំពេញ 2-CW8346, ថ្នាំញៀនប្រភេទម៉ាទឹកកក២១កញ្ចប់, កាំបិត២,ទូរស័ព្ទដៃ៧គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕