(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដោយកំណត់យកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ១៦រូបមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត អនុប្រធាន និងសមាជិកថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៣រូប ដែលជំនួសអ្នកដែលបានលាលែង។
សូមបញ្ជាក់ថា តំណាងរាស្រ្តថ្មី ១៦រូប ដែលនឹងផ្តល់សុពលភាពនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ គឺជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា១៥រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិច ១រូប។ ក្នុងនោះតំណាងរាស្ត្រ ១១រូបទទួលបានអាសនៈបានពីការបែងចែកអាសនៈតាមអំណាចច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បន្ទាប់ពីតំណាងគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ និង ៤រូបផ្សេងទៀត ជំនួសសមាជិកសភា៤រូបរបស់គណបក្សប្រជាជនកម្ពុជា ដែលលាលែងដើម្បីទៅឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា។ ដោយឡែកតំណារាស្ត្រ ១រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលជំនួសលោក នុត សុខុម ដែលលាលែងពីសមាជិករដ្ឋសភា ទៅឈរជាអនុប្រធានរបស់ គ.ជ.ប។
សម្រាប់បេក្ខជនអនុប្រធាន-សមាជិក គ.ជ.ប ថ្មី ៣រូប ដែលត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅថ្ងៃទី០៧ ខែធ្នូ នោះ រួមមាន ១៖ លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិច ២៖ លោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និងទី៣៖ លោក ឌឹម សុវណ្ណារុំ មកពីសាលាក្តីខ្មែរក្រហម។
ក្រោយប្រកាសសុពលភាពរួចរាល់ហើយ តំណាងរាស្រ្តថ្មីទាំង១៦រូប ក៏នឹងចូលស្បថនៅព្រះបរមរាជវាំងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នោះផងដែរ៕