(ភ្នំពេញ)៖ លោក ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធនិងច្រានចោលទាំងស្រុង ចំពោះជនខិលខូចដែលបានយកការធ្វើលិខិតក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះរបស់លោក ទៅអំពាវនាវសុំថវិកាតាមរយៈទូរស័ព្ទ ដើម្បីធ្វើបុណ្យ នៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់លោក ប្រាក់ វណ្ណឌី ដែលចេញនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧។
ការចេញសេចក្ដីប្រកាសព័ត៌មានបែបនេះរបស់លោក ប្រាក់ វណ្ណឌី បានធ្វើឡើងបន្ទាប់ពីមានជនលិខិតខូច បានយកឈ្មោះរបស់លោក ដើរបោកប្រាស់រកប្រាក់ក្នុងរូបភាព អះអាងថា រូបគេជាលោក ប្រាក់ វណ្ណនី ហើយត្រូវការសម្ភារៈ ឬកសាងអ្វីមួយ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឬក៏សន្យាតម្លើងបុណ្យស័ក្ដិ ដែលទាមទារឲ្យសប្បុរសជន ចូលរួមវិភាគទានទាំងនោះ វេរប្រាក់តាមប្រព័ន្ធវីង ទៅឲ្យពួកគេ។
លោក ប្រាក់ វណ្ណនី បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើខ្ញុំបាទមានប្រារព្ធពិធីធ្វើបុណ្យអ្វីមួយ ខ្ញុំបាទនឹងធ្វើលិខិតដោយលាយលក្ខ័អក្សរគោរពអញ្ជើញត្រឹមត្រូវ ដើម្បីចូលរួមក្នុងពិធីនោះ មិនមែនខ្ញុំបាទអំពាវនាវសុំថវិកាតាមរយៈទូរស័ព្ទបែបនេះទេ»។
ក្នុងនាមរូបលោកផ្ទាល់ ក៏ដូចជាខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន សូមធ្វើការថ្កោលទោសចំពោះជនដែលយកឈ្មោះរបស់លោកទៅប្រើ ក្នុងគ្រប់ទង្វើទុច្ចរិតទាំងអស់ និងស្នើពលរដ្ឋជួយសហការផ្ដល់ព័ត៌មាន ដើម្បីចាប់ជនទុច្ចរិតទាំងនោះ យកមកផ្តន្ទទោសតាមច្បាប់។
សូមជម្រាបថា កាលពីអំឡុងឆ្នាំ២០១៤ នាយកខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន លោក ហូ សិទ្ធី បានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធប្រើប្រាស់ឈ្មោះ ដើម្បីឆបោកនេះម្ដងរួចមកហើយ។ ដោយឡែកកាលពីឆ្នាំ២០១៦កន្លងទៅនេះ លោក ប្រាក់ វណ្ណឌី ក៏បានចេញសេចក្ដីប្រកាសពាក់ព័ន្ធនឹងរឿងឆបោកនេះផងដែរ៕