(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែធ្នូនេះ ប្រជាពលរដ្ឋ ដែលរស់នៅក្នុង សង្កាត់ឃ្មួញ ខណ្ឌសែន សុខ បានសម្ដែងការសប្បាយរីករាយ ត្រេកអរយ៉ាងខ្លាំង ចំពោះការយកចិត្ដទុកដាក់ របស់ក្រុមគ្រូពេទ្យ ដែលដឹកនាំដោយ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ដែលតែងតែ ចុះមកពិនិត្យ-ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ស្ទើរជារៀងរាល់ខែ។
លោកតា អ៊ុល ជឹម អាយុជាង៧០ឆ្នាំ ក្នុងនោះចំណោមប្រជាពលរដ្ឋជាង៦០០នាក់ បានថ្លែង «ខ្ញុំសប្បាយចិត្ដណាស់ ពេលដែលក្រុមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មកពិនិត្យ-ព្យាបាលជំងឺ ជូនពួកយើងដោយឥតគិតថ្លៃ ស្ទើរជារៀងរាល់ខែ ពិសេសខ្ញុំចាស់ហើយ ឈឺច្រើនទៀត ហើយស្ថិតនៅក្នុងស្ថានភាពក្រលំបាក ចឹងខ្ញុំមិនសូវមានលុយមើលខ្លួនទេ តែបានគ្រូពេទ្យ គាត់តែងតែមកចុះពិនិត្យ ក្បែរៗផ្ទះខ្ញុំ ដែលធ្វើឲ្យខ្ញុំបានពិនិត្យសុខភាព បានញឹកញាប់ និងធូរស្រាលពីជំងឺ។ ខ្ញុំសង្ឃឹមក្រុមគ្រូពេទ្យ និងបន្ដយកចិត្ដទុកដាក់ និងមកពិនិត្យកាន់តែញឹកញាប់បន្ថែមទៀត ដើម្បីឲ្យខ្ញុំជាចាស់ជរានេះ មិនពិបាកធ្វើដំណើរទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋឬ ឯកជន ដែលនៅឆ្ងាយពីផ្ទះ»។
ព្រមជាមួយគ្នានោះ ប្រជាពលរដ្ឋជាង ៦០០នាក់ ក៏បានសម្ដែងការពេញចិត្ដ និងសប្បាយចិត្ដចំពោះការយកចិត្ដទុកដាក់របស់ ក្រុមគ្រូពេទ្យ ថ្នាក់ខណ្ឌ រាជធានីភ្នំពេញ និងរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ដែលមិនទុក ពួកគាត់ចោលទេ ស្ទើរគ្រប់ខណ្ឌ និងជារៀងរាល់ខែ បានដឹកនាំក្រុមគ្រូពេទ្យ ចុះមកពិនិត្យ-ព្យាបាលពួកគាត់ ដោយឥតគិតថ្លៃ ហើយថែមទាំង យកពួកយើងទៅព្យាបាលនៅមន្ទីរពេទ្យ ពេលមានអាការៈធ្ងន់ធ្ងរថែមទៀត ។ ក្ដីសង្ឃឹមពួកគាត់ជាបន្ដ គឺសង្ឃឹមថា មន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងសុខាភិបាល នឹងបន្ដចុះពិនិត្យ-ព្យាបាលពួកគាត់ ឲ្យបានកាន់ច្រើនដង ដើម្បីសម្រាលការលំបាក មួយកម្រិតធំរបស់ពួកគាត់។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងផងដែរថា «យើងមិនទុកបងប្អូនយើងចោលទេ ក្រុមគ្រូពេទ្យយើង នឹងពង្រឹងទាំងសមត្ថភាព ចំណេះដឹង ឧបករណ៍បរិក្ខារពេទ្យ ពេលវេលា ដើម្បីចុះមកពិនិត្យ-ព្យាបាលប្រជាពលរដ្ឋយើង ឲ្យបានច្រើនដង ក្នុងមួយខែៗដែលយើងអាចធ្វើទៅបាន ឲ្យបានគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ ហើយសម្រាប់តាមខេត្ដ ក៏ដូចគ្នា យើងបានចាត់ចែង ក្រុមការងារយើង រួចជាស្រេច ដើម្បីមើលថែទាំប្រជាពលរដ្ឋ ឲ្យបានដិតដល់ ហើយបើមានចំនុចខ្វះខាត សូមបងប្អូន និយាយមកចុះ យើងប្រឹងប្រែងធ្វើឲ្យល្អប្រសើរ និងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព»។
រដ្ឋមន្ដ្រីបន្ដថា «ក្នុងឱកាសនេះ យើងខ្ញុំក៏សូមអំពាវនាវ ឲ្យបងប្អូនយើង ត្រូវប្រយ័ត្នចំពោះសុខភាពជាធំ ហាមពិសារបស់មានជាតិខ្លាញ់ច្រើន កុំពិសាប្រៃ កុំជក់បារី និងផឹកសា្រ ច្រើនពេក វានឹងធ្វើឲ្យសុខភាពរបស់បងប្អូន ធ្លាក់ចុះ ឈឺច្រើន ពិបាកព្យាបាល ខាតថវិកា ខានពេលវេលាព្យាបាល ពិសេស ពេលមានអាការៈអ្វីមិនស្រួល ប្រញាប់មកមន្ទីរពេទ្យ មកពិនិត្យឲ្យហើយ កុំទុកជំងឺទាល់តែខ្លាំង ទើបមកព្យាបាលនោះ វានឹងបណ្ដាលឲ្យពិបាកក្នុងការព្យាបាល និងឈានដល់ការបាត់បង់ជីវិតផងដែរ»។
លើសពីនោះ ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានថ្លែងឲ្យដឹងថា «ថ្ងៃនេះ ក្រុមការងារចុះជួយសង្កាត់ឃ្មួញ ខណ្ឌសែន សុខ ដែលដឹកនាំដោយរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានចុះមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ជាង៦០០នាក់ ដែលមានពិនិត្យ នូវជំងឺ ភ្នែក ត្រចៀក បំពង់ករ និងជំងឺទូទៅ ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានចុះមកព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានញឹកញាប់ណាស់ តែយើងនឹងបង្កើនការយកចិត្ដទុកដាក់ និងចុះមកពិនិត្យ-ព្យាបាលកាន់តែច្រើនដងជាងនេះ ជាទ្រង់ទ្រាធំ ទ្រង់ទ្រាតូច ពិសេទ្រង់ទ្រាតូច នៅតាមភូមិ ក្នុងមួយអាទិត្យម្ដងផងដែរ ។
លោកវេជ្ជបណ្ឌិត បន្ដថា មិនថាតែប្រជាពលរដ្ឋទេ ដែលសប្បាយចិត្ដនោះ យើងជាគ្រូពេទ្យក៏សប្បាយចិត្ដដែរ ពេលដែលឃើញប្រជាពលរដ្ឋជាច្រើន បានអញ្ជើញមកទទួលសេវាព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យយើង ដោយការពេញចិត្ដ និងសម្ដែងការសប្បាយរីករាយនោះ ហើយយើង នឹងចុះមកពិនិត្យសុខភាពជូនពួកគាត់ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ៕