(សៀមរាប)៖ សាខាកាកបាទក្រហមខេត្តសៀមរាប នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ប្រារព្ធទិវាអន្ដរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ ក្រោមអធិបតីភាពលោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី មាស សន ជា ម៉ន។
ក្នុងពិធីដែលបានធ្វើនៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប ក៏មានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកា គណៈកិត្តិយសគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ និងអ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មកពីបណ្តាក្រុង ស្រុក ឃុំសង្កាត់ ជាច្រើនរូបផងដែរ។
លោក ស៊ុ សំអន នាយកសាខា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ សាខាបានពង្រីកអ្នកស្ម័គ្រចិត្តសរុប២៦៤នាក់ ស្រី១៤២នាក់ និងបង្កើតក្រុមកាកបាទកម្ពុជាឃុំ បាន១៦ក្រុម មកទល់ពេលនេះសាខាមានអ្នកស្ម័ត្រចិត្តសរុប១៨៤៥នាក់ ស្រី១០០៤នាក់ ក្នុង៨៣៨ភូមិ នៃ៨៨ឃុំសង្កាត់ ក្នុងក្រុងស្រុក៩។ ឆ្នាំ២០១៧នេះ ការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា បាន៥លើក មាន៤៦៥នាក់ ស្រី២៨៧នាក់ សរុបទូទាំងខេត្ត១០២៦២នាក់ នៅ២៥គ្រឹះស្ថាន។
បន្ទាប់ពីការបង្ហាញផ្នែកខ្លះវិជ្ជាសង្គ្រោះបឋម របស់អ្នកស្ម័គ្រចិត្ត និងការផ្តល់នូវប័ណ្ឌសរសើរ លិខិតសរសើរ និងជូនរង្វាន់ដល់អ្នកស្ម័គ្រចិត្តមានស្នាដៃរួចមក លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានលើកឡើងថា នេះជាលើកទី៣ហើយ នៃការជួបជុំអ្នកស្ម័គ្រចិត្ត ក៏ដូចជាយុវជនកាកបាទក្រហមកម្ពុជាខេត្ត សៀមរាប ទោះបីជាបងប្អូនអញ្ជើញមកចូលរួមនៅទីនេះ មានចំនួនកំណត់ក្ដី តែបងប្អូនក៏ជាតំណាងឲ្យអ្នកស័្មគ្រចិត្ត និងយុវជនឯទៀតដែលនៅមូលដ្ឋាន និងសាលារៀនផងដែរ។ ការប្រារព្ធទិវានេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចំពោះការខិតខំទាំងស្មារតី ការចំណាយពេលវេលា របស់បងប្អូនអ្នកស័្មគ្រចិត្ត និងយុវជនទាំងអស់គ្នា ក្នុងសកម្មភាពមនុស្សធម៌នៅមូលដ្ឋានរយៈពេលកន្លងមក ក៏ដូចបច្ចុប្បន្ននេះដែរ។
លោកស្រី ក៏បានបញ្ជាក់ក្នុងចំណោមគោលការណ៍គ្រឹះទាំង៧ ភាពមនុស្សធម៌ គឺជាគោលការណ៍ចម្បងគេ ហើយបើគ្មានសេវាកម្មស័្មគ្រចិត្ត ដែលជាគោលការណ៍ទី៥ទេនោះ ការងារមនុស្សធម៌ពិតជាពុំអាចសម្រេចបានឡើយ ហើយលោកស្រីបានរំលឹកឡើងវិញ ពីបេសកកម្មមនុស្សធម៌នេះ ជាចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានវត្តមានលើភពផែនដីនេះអស់រយៈពេល១៥៨ឆ្នាំហើយ។
ឯកាកបាទក្រហមកម្ពុជា មានអាយុកាលជាង៦២ឆ្នាំ បច្ចុប្បន្នកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជានោះ គឺជាស្ថាប័នមនុស្សធម៌ធំជាងគេក្នុងប្រទេស ដែលធ្វើប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របតាមប្រធានបទជាសកលរបស់ចលនាអន្តរជាតិកាក បាទក្រហម អឌ្ឍចន្ទក្រហម គឺសង្គ្រោះជីវិត ផ្លាស់ប្តូរផ្នត់គំនិត។
ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្ត២០១១-២០២០ ដែលក្នុងនោះបានកំណត់នូវទស្សនវិស័យ គឺរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ឲ្យសម្រេចបានជោគជ័យនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននិងកំពុងបន្តការយកចិត្តទុកដាក់បំពេញបេសកកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤ រួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា, ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។ វិស័យស្នូលទាំង៤ ដែលមិនអាចកាត់ផ្ដាច់បានពីសកម្មភាព ចូលរួមរបស់អ្នកស្ម័គ្រចិត្ត និងយុវជន ដែលជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជាបានឡើយ ព្រោះថាកាកបាទក្រហមកម្ពុជា ជាសមាគមជាតិដែលជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។
ម៉្យាងទៀតគោលដៅរបស់កាកបាទក្រហមកម្ពុជា គឺបង្ការ និងបន្ថយទុក្ខលំបាកវេទនា ដោយភាពមិនលំអៀងដោយពិតប្រាកដ ឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសាជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។
ក្នុងទិវាដ៏ប្រពៃនេះលោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ក៏បានសំណូមពរអ្នកស្ម័គ្រចិត្ត និងយុវជនទាំងអស់ រួមសាមគ្គីគ្នាតាមរយៈការណែនាំ របស់ក្រុមកាកបាទក្រហមសង្កាត់-ឃុំ និងទីប្រឹក្សាយុវជន បន្ដនូវប្រពៃណីនៃសកម្មភាពមនុស្សធម៌ ជាបន្ដទៅទៀត ក្នុងសហគមន៍សំខាន់ស្រ្តី និងកុមារ៕