(ភ្នំពេញ)៖ បើនិយាយអំពីឈ្មោះផលិតករ អ៊ុង ឌុច សិត្ថាវីរៈ គេពុំសូវជាស្គាល់ប៉ុន្មាននោះទេ ប៉ុន្តែបើគេនិយាយអំពីរឿង «ស្បែកគង់»វិញ ទស្សនិកជន ស្ទើតែគ្រប់គ្នាពិតជាដឹង និងស្គាល់យ៉ាងច្បាស់អំពីសាច់រឿងនេះ ដែលបានបង្ហាញអំពីមន្តអាគមខ្មែរមួយនេះ។ លោក អ៊ុង ឌុច សិត្ថាវីរៈ ចាប់ផ្តើមល្បីលើកដំបូង ក្រោយពេលលោកផលិតរឿងស្បែកគង់ ដែលរហូតដល់ពេលនេះ ទស្សនិកជនជាច្រើន នៅតែចង់ទស្សនាភាពយន្តនេះ មិនទាន់ជិនណាយ នៅឡើយទេ។
ក្រោយពីផលិតរឿងស្បែកគង់ នៅពេលនេះ ផលិតករ អ៊ុង ឌុច សិត្ថាវីរៈ វ័យជាង៣០ឆ្នាំផ្លាយរូបនេះ បានចាប់ផ្តើមបើកផលិតកម្មថ្មីមួយទៀត ដោយដាក់ ឈ្មោះថា «ផលិតកម្ម អ៊ែតគ្រីអេធ័រ» ហើយចាប់ផ្តើមផលិតរឿងថ្មីមួយទៀត ដែលទាក់ទងនឹងមន្តអាគមខ្មែរនេះដែរ។ រឿងថ្មីរបស់ លោក អ៊ុង ឌុច សិត្ថាវីរៈ ថ្មីនេះ មានចំណងជើងថា «ទាយាទអាគម» ដែលឈុតឆាកលើកនេះ មិនខុសគ្នានឹងរឿងស្បែកគង់ដែរ ដោយមានលាយឡំនឹងការប្រើប្រាស់មន្តអាគម ស្នេហា កំប្លុកកំប្លែង ដែលនឹងធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្ត។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសសម្ពោធភាពយន្ត «ទាយាទអាគម» នៅរោងភាពយន្ត Major Platinum Cineplex នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ថ្មីៗនេះ លោក អ៊ុង ឌុច សិត្ថាវីរៈ បាននិយាយយ៉ាងខ្លីថា លោកទទួលបានការចាប់អារម្មណ៍ខ្លាំងតែរឿងទាក់ទងនឹងមន្តអាគម។ លោកថ្លែងថា រឿងមន្តអាគមខ្មែរ នៅតែទទួលបានការចាប់អារម្មណ៍ខ្ពស់ពីទស្សនិកជនដដែល ហើយវាជាវប្បធម៌ខ្មែរផងដែរ។
វាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់សិល្បៈគ្រប់រូប ទំរាំតែមានភាពជោគជ័យ មានទស្សនិកជនគាំទ្រច្រើននោះ។ លោក អ៊ុង ឌុចសិត្ថាវីរៈ ត្រូវបានទស្សនិកជន ជាពិសេសយុវវ័យ អ្នកនិយមតាមដានរឿងកុនខ្មែរដឹងថា លោកគឺជាផលិតករមួយរូប ដែលមានភាពជោគជ័យខ្លាំង ខាងផលិតភាពយន្ត ព្រោះរាល់ស្នាដៃរបស់លោកទាំងអស់ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជន។
លោក អ៊ុង ឌុចសិត្ថាវីរៈ បានបន្តថា ចំពោះខ្សែភាពយន្តខ្នាតធំរឿង «ទាយាទអាគម» ដែលមានរយៈពេល១០៥នាទី នេះត្រូវបានចំណាយថវិកាក្នុងការផលិតមួយចំនួនធំ នឹងចំណាយពេលថតរយៈ៧ខែ សម្រាប់តារាសម្តែងក្នុងខ្សែភាពយន្តនេះសុទ្ធតែមានទេពកោសល្យទាំងចាស់ និងតារាវ័យក្មេង ជាមួយឈុតឆាកបត់បែនរបស់សាច់រឿងដែលមានសន្ទុះយ៉ាងលឿន ធ្វើឲ្យបងប្អូនមានភាពសប្បាយរីករាយ ពិសេសខ្សែភាពយន្ត «ទាយាទអាគម» មានទាំងឈុតអប់រំ និងមន្តអាគមជាដើម។ តួឯកនៅក្នុងរឿងនេះ គឺលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ និង កញ្ញា ម៉ៃយ៉ា ដែលជាកូនកាត់ខ្មែរអាល្លឺម៉ង់។
លោក អ៊ុង ឌុចសិត្ថាវីរៈ បានបញ្ជាក់ថា ខ្សែភាពយន្តរឿង «ទាយាទអាគម» នឹងចាប់ផ្តើមចាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបៗចំនួន៣ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងនោះមានទី១៖ រោងភាពយន្ត Major Platinum Cineplex, ទី២៖ LEGEND, ទី៣៖ Prime Cineplex និងតាមបណ្តា ខេត្តរួមមាន៖ សាលមហោស្រព សីហនុ ខេត្តកំពង់ចាម, រោងភាពយន្ត បារាយ ខេត្តសៀមរាប៕