(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា គ្រោងនឹងចាត់វិធានការក្ដៅទៅដល់គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងឡាយណាដែល មិនទទួលខុសត្រូវចំពោះការផ្ដល់ឥណទានទៅដល់ពលរដ្ឋ មានន័យថា គ្រប់ធនាគារ ឬគ្រឹះស្ថានទាំងនោះមិនបានសិក្សាឲ្យស៊ីជម្រៅច្បាស់លាស់ មុនផ្ដល់កម្ចីដល់ប្រជាពលរដ្ឋ ដែលនាំឲ្យពលរដ្ឋមួយចំនួនមិនយល់ច្បាស់ ថែមទាំងក្លាយទៅជាអ្នកជំពាក់បំណុលវ័ណ្ឌកទៀតផង។
ថ្លែងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៤របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីតួនាទីរបស់បច្ចេកវិទ្យា ក្នុងការលើកកម្ពស់បរិយាប័ន្ន ហិរញ្ញវត្ថុនៅកម្ពុជា នាព្រឹកថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០១៧នេះ អ្នកស្រី ជា សេរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា «ធនាគារជាតិស្នើឲ្យគ្រប់គ្រឹះស្ថានធនាគារទាំងអស់ អប់រំដល់ពលរដ្ឋ ឲ្យយល់ដឹងពីការប្រើប្រាស់កម្ចីឲ្យត្រូវនឹងគោលដៅ និងគោរពកាតព្វកិច្ចខ្ចីប្រាក់ មានន័យថា ខ្ចីត្រូវតែមានភារកិច្ចសង ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ»។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា កន្លងមកធនាគារជាតិនៃកម្ពុជា បានរៀបចំជាយុទ្ធនាការ ដើម្បីអប់រំដល់ពលរដ្ឋ។ ធនាគារជាតិក៏បានពង្រឹងពីការទទួលខុសត្រូវ របស់ស្ថាប័នហិរញ្ញវត្ថផ្ទាល់តែម្ដង ដោយចាត់វិធានការក្តៅទៅដល់ស្ថាប័នណា ដែលមិនបានអប់រំដល់បុគ្គលិករបស់ខ្លួន ឲ្យសិក្សាលម្អិតពីលទ្ធភាពអ្នកខ្ចី មុននឹងឲ្យកម្ចី ព្រោះគ្រឹះស្ថានទាំងនេះបានដាក់ទិសដៅ ដល់បុគ្គលិករបស់ខ្លួនថា ប្រសិនបើបញ្ចេញឥណទានបានច្រើន និងទទួលបានប្រាក់លើកទឹកចិត្តច្រើនដូចគ្នា ដូច្នេះហើយទើបមន្ដ្រីភាគច្រើនមិនបានសិក្សាលម្អិត ពីលទ្ធភាពអ្នកសងនោះឡើយ គ្រាន់តែរកវិធីធ្វើយ៉ាងណារុញឥណទាន ចេញឲ្យបានច្រើនតែប៉ុណ្ណោះ។ នេះជាហានីភ័យមួយទាមទារ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់។
អ្នកស្រីបន្ថែមទៀតថា «ធនាគារជាតិនៃកម្ពុជា បានដោះស្រាយបញ្ហានេះ ដោយមើលទិដ្ឋភាពទាំងសងខាង ទាំងខាងអ្នកខ្ចី និងអ្នកផ្ដល់កម្ចី ដោយធ្វើយ៉ាងណាឲ្យពួកគាត់យល់ដឹងពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួន (ខ្ចីគេត្រូវតែសង) ហើយពួកគាត់មានសិទ្ធិតវ៉ា តថ្លៃជាមួយតម្លៃ។ អ្វីដែលសំខាន់ធនាគារជាតិ បានព្យាយាមធ្វើយ៉ាងណា អប់រំពលរដ្ឋឲ្យយល់ដឹងថា ឥណទានបើខ្ចីខុសគោលដៅ គួរតែកុំខ្ចីគួរតែខ្ចីឲ្យត្រូវគោលដៅ មានន័យថា ខ្ចីទៅដើម្បីបានចំណូលមកវិញ»។
អ្នកស្រីបញ្ជាក់ទៀតថា ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ត្រូវតែទទួលខុសត្រូវចំពោះការផ្ដល់កម្ចី ដោយពិនិត្យឲ្យបានច្បាស់លាស់ ពីលទ្ធភាពរបស់អ្នកខ្ចី ប្រសិនបើអ្នកខ្ចីមិនមានលទ្ធភាពសងមកវិញទេនោះ តែបែជាផ្ដល់កម្ចីដល់គាត់ នោះមិនមែនជាការជួយដល់ពួកគាត់ទេ តែជាការជាន់ពួកគាត់ទម្លាក់ទឹកទៅវិញ។ ធនាគារជាតិនៃកម្ពុជានឹងចាត់វិធានការធ្ងន់ធ្ងរទៅដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនគារណា ដែលមិនមានការទទួលខុសត្រូវក្នុងការផ្ដល់ឥណទាន។
សូមជម្រាបថា កាលពីពេលថ្មីកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានពិន័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ នូវទឹកប្រាក់៣០លានរៀល ក៏ព្រោះតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះអនុវត្ត មិនត្រឹមត្រូវតាមច្បាប់កំណត់៕