(ភ្នំពេញ)៖ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ជាលើកទី២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់០៤ ខែធ្នូ ឆ្នាំ២០១៧។ ទស្សនកិច្ចនេះ គឺជាការបង្ហាញ ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការរឹងមាំជាមួយប្រទេសកម្ពុជា។

យន្តហោះពិសេសរបស់ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧។ អំឡុងពេលមកដល់ព្រលានយន្តហោះ លោកស្រី សេក្ខ ហាស៊ីណា ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា មុននឹងលោកស្រីអញ្ជើញទៅសម្រាក២យប់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

សម្រាប់ថ្ងៃទី១ នៃការទស្សនកិច្ចផ្លូវការនេះ គឺត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស ពុំទាន់បានជួបថ្នាក់ដឹកនាំជាន់ខ្ពស់ របស់កម្ពុជានោះទេ ប៉ុន្តែលោកស្រីបានទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យចូលគោរពព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោត និងចូលទស្សនានៅសារមន្ទីរប្រវត្តិសាស្រ្តទួលស្លែង។

ដោយឡែកថ្ងៃទី២ នៃទស្សនកិច្ចនោះ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ ជាដំបូងលោកស្រីសេក្ខ ហាស៊ីណា បានជួបប្រជុំទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព​។ ជាមួយគ្នានោះ រដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារចំនួន១១ ព្រមទាំងចេញសេចក្តីថ្លែងការណ៍រួម ដោយផ្ទាល់មាត់ផងដែរ។

ឯកសារចំនួន១១នោះរួមមានដូចតទៅ៖

១៖ សេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីបង់ក្លាដេស។ ចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។

២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការលើបញ្ហាពាក់ព័ន្ធក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាពរហូតដល់ឆ្នាំ២០៣០។ ចុះហត្ថេលខាដោយ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និង លោក Md. Abul Kalam Azad នាយកសម្របសម្រួលកិច្ចការគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីបង់ក្លាដេស។

៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ លោក លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។

៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក Rashed Khan Menon MP រដ្ឋមន្រ្តីក្រសួងអាកាសចរណ៍ស៊ីវិល និងទេសចរណ៍បង់ក្លាដេស។

៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីម៉ូឌែលសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ។ ចុះហត្ថលេខាដោយ លោក ប៉ាន សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយ លោក លោក Abul Hassan Mahmood All រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស។

៦៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការស្ថាប័នលើកិច្ចការពាក់ព័ន្ធនឹងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដេស។ ចុះហត្ថលេខាដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូមិអមនាយករដ្មឋន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និង​លោក Kazl M. Aminul Islam ប្រធានប្រតិបត្តិការអាជ្ញាធរអភិវឌ្ឍវិនិយោគបង់ក្លាដេស។

៧. អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ចុះហត្ថលេខាដោយលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយលោក Zunaid Ahmed Palak អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានបង់ក្លាដែស។

៨. អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យវារីវប្បកម្ម និងនេសាទ។ ចុះហត្ថលេខាដោយលោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោក M.d Maksudul Hasan Khan អគ្គលេខាធិការក្រសួងនេសាទ និងបសុសត្វបង់ក្លាដែស។

៩. អនុស្សារណៈយោគយល់គ្នាស្តីពីសហប្រតិបត្តិការក្នុងការអភិរក្ស ប្រវត្តិសាស្រ្តសង្រ្គាម បូជនីយស្ថានសង្គ្រាម និងកេរដំណែលសង្គ្រាម។ ចុះហត្ថលេខាដោយលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយលោក Aparup Chowdhury អគ្គលេខាធិការក្រសួងកិច្ចការសង្គ្រាមរំដោះជាតិបង់ក្លាដែស។

១០. អនុស្សារណស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិក្សាស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្តបង់ក្លាដែស។ ចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយលោក Md. Shahidul Haque អគ្គលេខាធិការក្រសួងការបរទេសបង់ក្លាដែស។

១១. កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស។ ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Md. Shafiul Islam ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស។

*  ក្រោយបញ្ចប់ពិធីចុះហត្ថលេខារួចមក, មេដឹកនាំទាំងពីរបានធ្វើសេចក្តីថ្លែងការណ៍រួមគ្នា ដោយនាយករដ្ឋមន្ដ្រីបង់ក្លាដេស បានបញ្ជាក់នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន ថា រដ្ឋាភិបាលរបស់លោកស្រី នឹងដាក់ព្រះនាម ព្រះបរមរតនកោដ្ឋ នៅលើវិថីដ៏ល្បីមួយនៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។ ដោយឡែកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រកាសផងដែរថា កម្ពុជានឹងជ្រើសរើសផ្លូវមួយខ្សែដូចគ្នា​ ដើម្បីដាក់ឈ្មោះបិតាស្ថាបនាជាតិរបស់ប្រទេសបង់ក្លាដេសផងដែរ។

* ក្នុងជំនួបពិភាក្សាការងារជាងមួយម៉ោងនៅវិមានសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកស្រី សេក្ខ ហាស៊ីណា បានបង្ហាញ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្ថែមទៀត ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យឆ្ពោះ ទៅរកកម្រិតថ្មីមួយទៀត។ ជាពិសេសនាយករដ្ឋមន្ត្រីនៃប្រទេសពីរ បានសន្យាប្រឹងប្រែងរួម គ្នានាំមកនូវប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

* ប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានសន្យាចំពោះមុខនាយករដ្ឋមន្ត្រី កម្ពុជាថា នឹងជំរុញឲ្យវិនិយោគិនរបស់ខ្លួន មកបណ្តាក់ទុនលើវិល័យកសិកម្មនៅកម្ពុជា។

ក្រោយបញ្ចប់កិច្ចប្រជុំទ្វេភាគី និងចុះហត្ថលេខាលើឯកសារទាំង១១រួចហើយនោះ លោកស្រី Sheikh Hasina បានចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង រួចហើយទើបត្រឡប់មកសណ្ឋាគារវិញ។

នៅក្នុងថ្ងៃទី២ដដែល នៃដំណើរទស្សនកិច្ចនេះនៅពេលរសៀល លោកស្រី សេក្ខ ហាស៊ីណា ក៏បានឆ្លៀតជួបជាមួយក្រុមធុរកិច្ចជនជាច្រើននាក់ នៅសណ្ឋាគារសូហ្វីតែល ដោយមានការសម្របសម្រួលពីសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ផងដែរ។ បន្ទាប់ពីនោះ វេលាម៉ោង៣៖៥០នាទី លោកស្រីនាយករដ្ឋមន្រ្តី បានជួបពិភាក្សាជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដើម្បីសម្តែងការគួរសម ហើយក៏បន្តជួប សម្តេច សាយ​ ឈុំ ប្រធានព្រឹទ្ធសភាថែមទៀត។ រហូតដល់ម៉ោង៦៖៣០នាទី ទើបលោកស្រី ត្រឡប់ទៅអញ្ជើញចូលរួមពិធីលាងសាយភោជន៍ នៅវិមានសន្តិភាព ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន។

ដោយឡែកនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ លោកស្រី Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស ក៏បានជួបសវនាការ និងពិភាក្សាជាមួយ សម្តេចក្រុមព្រះ នៅថ្ងៃចុងក្រោយនៃទស្សនកិច្ចទៀតផង។

ទស្សនកិច្ចរបស់ លោកស្រី សេក្ខ ហាស៊ីណា ថ្វីត្បិតតែធ្វើឡើងរយៈពេលខ្លី ប៉ុន្តែមានអត្ថន័យ និងបង្ហាញអំពីលទ្ធផលជាច្រើន ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមករវាងកម្ពុជា-បង់ក្លាដេស។ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស ដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបដែរនោះ បានចាកចេញពីកម្ពុជា នៅវេលាម៉ោង២៖៣០នាទី រសៀល​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧៕