(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុបចំនួន៣២៩,៧៣៦ដុល្លារអាមេរិក បន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ចំនួន៤គម្រោង សម្រាប់អភិវឌ្ឍជនបទនៅកម្ពុជា។
ពិធីចុះហត្ថលេខាសម្រាប់ការផ្តល់ជំនួយឥតសំណងនេះធ្វើឡើងនៅរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងភាគីកម្ពុជា តំណាងដោយ៤ស្ថាប័ន។
ជំនួយឥតសំណងទាំងនេះ នឹងគាំទ្រដល់គម្រាងអភិវឌ្ឍចំនួន៤ នៅជនបទរបស់កម្ពុជា ក្នុងនោះរួមមាន៖
ទី១៖ គម្រោងជួសជុលផ្លូវមួយខ្សែ ក្នុងឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ នូវថវិកាចំនួន៨៧,៥៨៧ដុលា្លរ
ទី២៖ សម្រាប់សាងសង់អគារអគារមណ្ឌលសុខភាពគ្រញូងសែនជ័យ ខេត្តក្រចេះ នូវថវិកាចំនួន ៨៩,៦៣២ដុលា្លរ
ទី៣៖ សម្រាប់សាងសង់អគារមណ្ឌលសុខភាពបារ៉ុង ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នូវថវិកាចំនួន ៨៤,៩៧២ដុល្លារ
ទី៤៖ គម្រោងបំពាក់ម៉ាស៊ីនកាំរស្មីអ៊ិច និងម៉ាស៊ីនឆ្លុះអេកូ នៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប នូវថវិកា ៦៧៥៤៥ ដុល្លារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីនេះ បានថ្លែងថា ជំនួយសម្រាប់គម្រោងជួសជុលផ្លូវមួយខ្សែនេះនឹងចូលរួម ចំណែកក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជនបទស្រុករវៀង ក៏ការផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ សាលារៀន មន្ទីរពេទ្យ ផ្សារ និងតំបន់ដទៃទៀត។
លោក សំ លាងទ្រី បានបន្តថា «សម្រាប់ការជួសជុលផ្លូវមួយខ្សែនេះដែរ យើងរំពឹងថាផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនប្រមាណ២,៣០០នាក់ នៅក្នុងតំបន់នេះផងដែរ»៕