(សៀមរាប)៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ សាខាពន្ធដារខេត្តសៀមរាប បានរៀបចំសិក្ខាសាលា ស្ដីពី កាតព្វកិច្ច និងសិទ្ធិរបស់អ្នកជាប់ពន្ធ ដើម្បីផ្សព្វផ្សាយឲ្យមានការយល់ដឹងបន្ថែម ដល់អ្នកជាប់ពាក់ព័ន្ធ ក្នុងនោះក៏មានបទបង្ហាញ ស្ដីពី ការដាក់លិខិតប្រកាស, អាករបំភ្លឺសាធារណៈ, វិធានប្រើប្រាស់វិក្កយប័ត្រ, រួមនិងសំនួរ/ចម្លើយ ពាក់ព័ន្ធនឹងកិច្ចការពន្ធដារ ផងដែរ។
សិក្ខាសាលានេះ គឺមានការចូលរួមជាអធិបតីភាពរបស់លោក ខូយ ឈីន ប្រធានសាខាពន្ធដារខេត្តសៀមរាប, លោក Seung Gyoo Park អគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប, លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប, រួមនិងមន្ត្រីតំណាង មន្ទីរពាណិជ្ជកម្ម, មន្ទីររ៉ែនិងឋាមពល, មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ, និងមន្ទីរ ស្ថាប័ន អង្គភាព រួមនិងម្ចាស់/តំណាងប្រតិបត្តិករទេសចរណ៍ អាជីវករដែលមានទីតាំងនៅខេត្តសៀមរាប និងដៃគូរពាក់ព័ន្ធមួយចំនួនទៀត ផងដែរ សរុបប្រមាណជា ១០០នាក់។
ខាងមន្ត្រីពន្ធដារ បានឲ្យដឹងនៅក្នុងសិក្ខាសាលានេះថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤ ត្រូវអនុវត្តដោយជោគជ័យ និងសម្រេចបាននូវគោលដៅនៃដំណាក់កាលទី១ និងជាបន្តបន្ទាប់មក គឺធ្វើឲ្យថវិកាមានការជឿទុកចិត្ត។
អគ្គនាយកដ្ឋានពន្ធដារ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធ្វើឲ្យសម្រេចជោគជ័យនូ វគោលដៅដំណាក់កាលទាំងនេះ។ ម្យ៉ាងទៀតចំណូលពន្ធ ដែលទទួលបានលទ្ធផលល្អប្រសើរ ក៏បញ្ជាក់ឲ្យឃើញថា ការគោរពប្រតិបត្តិច្បាប់របស់អ្នកជាប់ពន្ធ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយជោគជ័យទាំងអស់នេះ គឺបានមកពីការសហការ និងគាំទ្រគ្នាជាដៃគូរយ៉ាងស្អិតរមួតរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងមនសិការខ្ពស់របស់អ្នកជាប់ពន្ធ ក្នុងការចូលរួមចំណែកកសាងប្រទេសជាតិ ប្រកបដោយចីរភាព។
ចំពោះ សិក្ខាសាលាថ្ងៃនេះ នឹងអាចជួយឲ្យអ្នកជាប់ពន្ធទាំងអស់យល់ដឹងបន្ថែមកាន់តែច្បាស់ទៀត អំពី កាតព្វកិច្ច និងសិទ្ធិរបស់ខ្លួន ក្នុងការគោរពប្រតិបត្តិច្បាប់ ស្ដីពី សារពើពន្ធឲ្យបានត្រឹមត្រូវ ។ ការផ្ដល់សេវា និងការអប់រំដល់អ្នកជាប់ពន្ធទាន់ពេលវេលា និងអាចជឿទុកចិត្តបាន ជាមួយនឹងការបន្ថយចំណាយរបស់អ្នកជាប់ពន្ធ និងដើម្បីធានាឲ្យការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រង និងប្រមូលចំណូលសារពើពន្ធ ឲ្យមានប្រសិទ្ធិភាព និងមានតម្លាភាពខ្ពស់ ផងដែរ៕