(ពោធិ៍សាត់)៖ ប្រជានេសាទចំនួន៥០០គ្រួសារ មកភូមិចំនួន៣ រួមមាន៖ ភូមិព្រែក ភូមិជារុះ និងភូមិរាំងទិល ឃុំរាំងទិល ដែលខ្វះខាតស្បៀង សម្រាប់ដោះស្រាយ និងប្រើប្រាស់បឋម ក្នុងពេលដែលភ្លៀងធ្លាក់ជាប់ៗគ្នា ខកខានចេញទៅនេសាទ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បានទទួលអំណោយមនុស្សធម៌ របស់មូលនិធិសង្គមអគ្គសនីកម្ពុជា តាមរយៈលោក នូ សុខុន ទីប្រឹក្សាអគ្គិសនីកម្ពុជា តំណាងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គសនីកម្ពុជា។
ពិធីនេះធ្វើឡើងនៅបរិវេណដីទួល នៃសាលាបឋមសិក្សារាំងទិល ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបានការចូលរួមពី អាជ្ញាធរស្រុក ឃុំ ក្រុមការងារចុះជួយឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបេះដូចសម្តេចជានិច្ចជាកាលមានប្រជាពលរដ្ឋ ព្រមទាំងបានគិតគូរ និងយកចិត្តទុកដាក់ អំពីស្ថានភាព និងជីវភាពរបស់បងប្អូនប្រជានេសាទ ដោយបានដាក់ចេញនូវគោលការណ៍ និងកាត់ដែនឡូតិ៍នេសាទជាច្រើន សម្រាប់ឲ្យបងប្អូនប្រជានេសាទ ប្រកបមុខរបរជាលក្ខណៈគ្រួសារ គឺទុកតែដែនឡូតិ៍អភិរក្សប៉ុណ្ណោះ។
លោកអភិបាលខេត្ត បញ្ជាក់ថាប្រជានេសាទសូមកុំពឹងផ្នែកទាំងស្រុង ទៅលើកងកម្លាំងមានសមត្ថកិច្ច ព្រោះកម្លាំងមានអាចមិនអាចគ្រប់គ្រង បានទាំងស្រុងនោះទេ គឺមានតែប្រជានេសាទនេះហើយ ត្រូវចូលរួមសហការថែរក្សា និងការពារការពារនៅថ្នាក់មូលដ្ឋាន ទើបអាចកាត់បន្ថយបទល្មើស។ លោកបានរំលឹកថា ការត្រូវពិន័យ ឬផ្តន្ទាទោសទៅតាមច្បាប់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីជំនាញណា ដែលជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ព្រមទាំងឲ្យប្រជានេសាទចូលរួមចំណែក ក្នុងការផ្តល់ព័ត៌មានគ្រប់មុខសញ្ញា ឲ្យបានទាន់ពេលវេលា នោះបទល្មើសពិតជាថយចុះជាមិនខានឡើយ។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានដោះស្រាយសំណូមពររបស់ប្រជានេសាទ ពាក់ព័ន្ធនឹងការចាត់វិធានការគ្មានការលើកលែង លើចោរដែលលួចឧបករណ៍នេសាទប្រជាពលរដ្ឋ, បំបាត់កាណូតស្មាច់ដែលដាក់ម៉ាស៊ីនធំ ដោយមានសិទ្ធិប្រើត្រឹមតែម៉ាស៊ីនប៊ីស្តុង ទាំងម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង និងបានចែកអំណោយមនុស្សធម៌ របស់មូលនិធិអគ្គិសនីកម្ពុជា ជូនដល់ប្រជានេសាទទាំង៥០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ៕