(ស្វាយរៀង)៖ មជ្ឈមណ្ឌលកំសាន្ត Home Crown Swimming Place & Resort ដែលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានបើកឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា កម្សាន្ដលេងជាបណ្តើរៗ ហើយដែលមានភាពទាក់ទាញយ៉ាងខ្លាំង ពីប្រជាពលរដ្ឋក្នុងខេត្ត ក៏ជាពលរដ្ឋមកពីបណ្តាខេត្តនានា មកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ជាពិសេសនោះ ក៏ភ្ញៀវជាជនជាតិបរទេសមកទស្សនា និងហែលទឹកលផងដែរ។

​លោកស្រី ពៅ ថាវី នាយិកាគ្រប់គ្រងនៅកន្លែងនេះ បានឲ្យដឹងថា ដោយមើលឃើញនៅភាពរីកចម្រើន នៃប្រទេសកម្ពុជា លើគ្រប់វិស័យក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ នោះទើបលោកស្រី​ និងស្វាម៉ី បានឯកភាពគ្នាបង្កើតកន្លែងហូមក្រោន ស្ទីមមីងផ្លេស និងរីសតនេះឡើង ហើយនៅកន្លែងនេះ​មាន អាងហែលទឹក​ស្តង់ដា ភោជនីយដ្ឋាន ហាងកាហ្វេ សួនច្បារ ខារ៉ាអូខេ រីសត ​តន្ត្រីសម័យលេងកំដរភ្ញៀវ​។ល។

លោកស្រីនាយិកាបានបន្តទៀតថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ ដែលថ្ងៃ Count Down នោះកន្លែងលោកស្រី នឹង​បើកសម្ពោធជាផ្លូវការ ដោយមានការចូលពីអាជ្ញាធរដែនដី និងតារាល្បីៗ មកច្រៀងលេងកម្សាន្ដផងដែរ ដូច្នេះក្នុងនាមលោកស្រី ជាគណៈគ្រប់គ្រងសូមអំ​ពាវនាវភ្ញៀវជាតិ និងអន្តរជាតិ សូមអញ្ជើញមកទស្សនា និងមកលេងកម្សាន្ដឲ្យបានច្រើនកុះករ និងមានបញ្ចុះតំលៃពិសេសផងដែរ រាល់ភ្ញៀវដែលមកកម្សាន្ដនៅហូមក្រោន។

​សព្វថ្ងៃក្រុងបាវិត មានរោងចក្រសហគ្រាសជាច្រើនកន្លែង រួមនឹងកាស៊ីណូ ព្រមទាំងតំបន់កម្សាន្ដជាច្រើនកន្លែងទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិមកលេងកម្សាន្ដ ដោយអាជ្ញាធរក្រុងមានការសហការយ៉ាងល្អ​ ជាមួយអ្នកវិនិយោគទុនទាំងអស់ រាល់ការមកបណ្តាក់ទុនរកស៊ីនៅក្រុងបាវិត គឺបានការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរ និងសូមឲ្យអ្នកវិនិយោគទុនមករកស៊ីនៅក្រុងបាវិត ឲ្យបានច្រើនបន្ថែមទៀត ដើម្បីពលរដ្ឋមានការងារកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារផងដែរ៕​