(ភ្នំពេញ)៖ កំណើននៃតម្រូវការទីផ្សារ ក៏ដូចជាការកើនឡើងនូវតម្រូវគេហដ្ឋាន បានជំរុញឱ្យបុរីមង្គលភ្នំពេញ បើកដំណើរការលក់គម្រោងថ្មី ទី៥ របស់ខ្លួនមួយទៀត ដែលស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងថ្មីចុងក្រោយនេះ ត្រូវបានប្រកាសលក់ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។ នេះបើតាម លោក អាន រ៉ាឌី អគ្គនាយករបស់បុរីមង្គលភ្នំពេញ។
លោក អាន រ៉ាឌី បានបញ្ជាក់ឱ្យដឹងថា ការសម្រេចចិត្តបើគម្រោងថ្មី គម្រោងទី៥នេះ គឺដោយសារតែ តម្រូវការលំនៅដ្ឋាន របស់អតិថិជន មង្គលភ្នំពេញកើនឡើង ព្រមទាំងមើលឃើញពីសក្តានុពលរបស់តំបន់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវជាតិលេខ១ ដែលទើបតែបញ្ចប់ការសាងសង់ថ្មីៗនេះ ធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល និងឆាប់រហ័ស ហើយមិនតែប៉ុណ្ណោះ តំបន់នេះ គឺជាតំបន់អំណោយផលក្នុងការរស់នៅ ត្រជាក់ត្រជុំ។
លោកបានបន្តទៀតថា «យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងទី៥ និងជោគជ័យ ដូចគម្រោងមុនៗដូច្នេះដែរ ដោយសារតែ យើងមានទីតាំងគម្រោងល្អ និងម៉ាកសញ្ញារបស់បុរីមង្គលភ្នំពេញមានគេស្គាល់ច្រើនរួចមកហើយ»។
គួរបញ្ជាក់ថា សម្រាប់គម្រោងទី៥នេះ បុរីមង្គលភ្នំពេញមានផ្ទះទាន់សម័យបួនប្រភេទ ដើម្បីចូលប្រកួតប្រជែងនៅក្នុងទីផ្សារ គឺប្រភេទវីឡាកូនកាត់ មង្គលA មង្គលB មង្គល C និងផ្ទះល្វែង៣ជាន់៕