(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនប្តី និងស្ត្រីជាប្រពន្ធ ២នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីរំលោភសេចក្តីទុកចិត្ត (ខ្ចីរថយន្តយកទៅដាក់បញ្ចាំ)។
បើតាមដើមបណ្តឹងរថយន្តម៉ាក PRIUS ពណ៌ស ដែលជនសង្ស័យយកទៅបញ្ចាំនោះ គឺជាកម្មសិទ្ធិរបស់ Mr MENG ម្ចាស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អូ រ៉ូ ហ្វាយនែន (អូរ៉ូ) អាស័យដ្ឋាន ១៤៧ ផ្លូវមុន្នីរេត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទាក់ទងនឹងការឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា ធ្វើឡើងតាមបណ្តឹងរបស់ឈ្មោះ ឱក សុខពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ដែលបានដាក់ពាក្យបណ្តឹងកាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្តឹងលើឈ្មោះ រ័ត្ន វណ្ណៈ អាយុ២៧ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ លី លក្ខិណា ស្នាក់នៅផ្ទះជួលលេខ១០៥Eo ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
សមត្ថកិច្ចបន្ដថា ដើមបណ្តឹងបានដាក់ពាក្យប្តឹងជនសង្ស័យ ពីបទរំលោភលើទំនុកចិត្ត ដោយបានខ្ចីរថយន្តម៉ាក PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE 1046 ជាកម្មសិទ្ធិ របស់ Mr MENG ម្ចាស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អូ រ៉ូ ហ្វាយនែន (អូរ៉ូ) អាស័យដ្ឋាន ១៤៧ ផ្លូវមុន្នីរេត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក យកទៅបញ្ចាំហើយ គេចវេសមិនព្រមទទួលខុសត្រូវ៕