(ភ្នំពេញ)៖ បេក្ខជន ដែលទទួលបានជយលាភីពីការប្រកួតប្រជែងតែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មីដែលមានលក្ខណៈជាខ្មែរ នឹងទទួលបានប្រាក់រង្វាន់សរុបចំនួន ១៨លានរៀល ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជយលាភីលេខ១ ទទួលបានប្រាក់រង្វាន់ចំនួន៥លានរៀល លេខ២ ៤លានរៀល លេខ ៣ ចំនួន៣លានរៀល និង៣នាក់/ក្រុម ទៀត ត្រូវជ្រើសរើសឲ្យទទួលបានទឹកប្រាក់លើកទឹកចិត្ត ក្នុងមួយរូប/ក្រុម ចំនួន២លានរៀល ពិសេស បេក្ខជន ក៏នឹងត្រូវឡើងទទួលពានជយលាភី ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងទិវាវប្បធម៌ជាតិលើកទី២០ នៅក្នុងខែមីនា ឆ្នាំ២០១៨ ផងដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំប្រកួតប្រជែងតែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មីដែលមានលក្ខណៈជាខ្មែរ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ និងការតែងនិពន្ធបទចម្រៀង និងបទភ្លេង និងជាពិសេស ដើម្បីកាត់បន្ថយការចម្លងស្នាដៃបរទេស។ ការប្រកួតនេះ ចាប់ផ្តើទទួលពាក្យប្រកួត និងទទួលស្នាដៃតែងនិពន្ធថ្មី ចាប់ពីថ្ងៃទី ១ខែធ្នូ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ។
លោក ចំរើន វ៉ាន់ថា សមាជិកគណៈកម្មការរៀបចំការប្រកួត បានថ្លែងថា ស្នាដៃរបស់បេក្ខជនចំនួន ៣ រូប/ក្រុម នឹងត្រូវបានជ្រើសរើសសម្រាប់ជយលាភីលេខ១ ដល់លេខ៣ ហើយ៣រូប/ក្រុម ទៀតក៏នឹងជ្រើសរើស ដើម្បីទទួលបានរង្វាន់លើកទឹកចិត្តពីក្រសួងវប្បធម៌ដែរ។
លោក ចំរើន វ៉ាន់ថា គូសបញ្ជាក់ថា ជយលាភីលេខ១ នឹងទទួលបានទឹកប្រាក់៥លានរៀល លេខ២ ៤លានរៀល លេខ៣ ចំនួន៣លានរៀល និងបេក្ខជន ចំនួន៣ រូប/ក្រុមផ្សេងទៀត ទទួលប្រាក់លើកទឹកចិត្តម្នាក់ៗ ចំនួន២លានរៀល។ បទភ្លេង និងទំនុកច្រៀងរបស់បេក្ខជន ដែលទទួលបានចំណាត់ថ្នាក់ ក្រសួងនឹងយកមកផលិតជា CD និង VCD ដោយរក្សាសិទ្ធិសីលធម៌ជូនបេក្ខជន ប៉ុន្តែសិទ្ធិបេតិកភណ្ឌជាសិទ្ធិផ្តាច់មុខរបស់ក្រសួងវប្បធម៌។
បេក្ខជនដែលមានបំណងចូលរួមប្រកួត ត្រូវបំពេញពាក្យសុំចូលរួមប្រកួតជាមុនសិន ដែលពាក្យសុំនេះអាចទាញយកបានពីតំណភ្ជាប់នេះ
KhmerCultureMinistry រួចផ្ញើមកកាន់គណៈកម្មការរៀបចំការប្រកួត តាមរយៈអ៊ីម៉ែល [email protected] ឬផ្ញើទៅកាន់ប្រអប់សារហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។ បន្ទាប់ពីពិនិត្យឃើញថា បេក្ខជន បានបំពេញបែបបទត្រឹមត្រូវហើយនោះ គណៈកម្មការរៀបចំការប្រកួត នឹងឆ្លើយតបទៅកាន់បេក្ខជនវិញ តាមអ៊ីម៉ែល ឬប្រអប់សារដែលបេក្ខជនផ្ញើមក។
បេក្ខជន ដែលទទួលបានសិទ្ធិចូលរួមប្រកួត ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីទទួលបានគោលការណ៍ណែនាលម្អិត ពីលក្ខខណ្ឌ និងនីតិវិធីក្នុងការប្រកួត។ បើតាមគណៈកម្មការរៀបចំការប្រកួតបេក្ខជនអាចនិពន្ធជាលក្ខណៈបុគ្គល ឬជាក្រុម ដោយត្រូវនិពន្ធបទភ្លេង និងទំនុកច្រៀងចំនួន២បទ ដែលជាស្នាដៃនិពន្ធថ្មី និងមានលក្ខណៈជាតិ ហើយបេក្ខជន អាចជ្រើសរើសចង្វាក់ដោយសេរី លើកលែងតែចង្វាក់រ៉េប៕