(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ជនពិការទោះបីជាមាន ពិការភាព ប៉ុន្តែនៅតែមានសមត្ថភាពអាចប្រកួតប្រជែងនៅលើទីផ្សារ ជាមួយជនគ្មានពិការភាពបាន។ លោក ឯម ច័ន្ទមករា បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជូននូវអត្ថប្រយោជន៍ និងការលើកកម្ពស់ដល់ជនពិការនៅទូទាំងប្រទេស និងការផ្តល់ជូនប្រាក់របបគោលនយោបាយពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា ភាគីពាក់ព័ន្ធ ព្រមទាំងការជួយជ្រោមជ្រែងពីអង្គការក្នុងស្រុក អន្តរជាតិ និងបណ្តាដៃគូអភិវឌ្ឍនានាដែលធ្វើសកម្មភាពលើកកម្ពស់សិទ្ធិជនពិការ និងវិស័យពិការភាព។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការរូបនេះ បានបន្តថា កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលបានយកខិត្តទុកដាក់ដល់ជនពិការដោយបានឧបត្ថម្ភថវិកាដោយផ្ទាល់ ក្នុងការទិញឧបករណ៍ភ្លេង ជូនដល់បងប្អូនជនពិការ សម្រាប់ប្រគំតន្រ្តី រកប្រាក់ចំណូល ដើម្បីចិញ្ចឹមជីវិត និងសម្រូលដល់ជីភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។
ការលើកឡើងរបស់ លោក ឯម ច័ន្ទមករា បានធ្វើឡើងខណៈលោកបានជួប សំណេះសំណាលជាមួយជនពិការ នៅក្នុង
ពីធីចែករទេះរុញជូនជនពិការ សរុបរទេះរុញទាំងអស់ ៣៨គ្រឿង សម្រាប់ចែកជូនបងប្អូនជនមានពិការកម្រិតមធ្យម និងធ្ងន់ធ្ងរដែលមិនអាចបង្វិលរទេះដោយដៃខ្លួនឯងបាន។ ពិធីចែកនេះ ធ្វើឡើងនៅការិយាល័យអង្គការ PPCIL ស្ថិតនៅភូមិចំការឳឡឹក, សង្កាត់កាកាប១ ,ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
លោក ឯម ច័ន្ទមករា បន្តឲ្យដឹងថា ដូចដែលពួកយើងកំពុងជួបជុំគ្នាក្នុងពីធីចែករទេះរុញថ្ងៃនេះ ខ្ញុំក៏សូមចូលរួមអបអរសាទរ ជាមួយបងប្អូនជនពិការដែលបានទទួលរទេះរុញ ដើម្បីយកទៅប្រើប្រាស់សម្រាប់សម្រួលការចល័តទីក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាសម្រាប់បំពេញការងារ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា។
នេះគឺជាកាដូដើម្បីជូនបងប្អូនជនពិការក្នុងឱកាសអបអរសាទរ ខួបលើកទី៣៥ ទិវាជនពិការអន្តរជាតិ ខួបលើកទី១៩ ទិវាជនពិការកម្ពុជា ផងដែរ។ បងប្អូនអាចប្រើរទេះរុញនេះទៅចូលរួមទិវាថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែធ្នូ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ជាមួយនឹងការអបអរ លោក ឯម ច័ន្ទមករា សូមឆ្លៀតយកឱកាសនេះ ដើម្បីផ្តាំផ្ញើដល់បងប្អូនជនពិការដែលទទួលរទេះរុញដោយដៃ និងរទេះអគ្គីសនីនាថ្ងៃនេះ ពេលយកទៅប្រើប្រាស់ហើយ ក៏សូមយកចិត្តទុកដាក់ក្នុងការថែទាំ ជូតសម្អាត ទុកដាក់នៅកន្លែងដែលមានសុត្ថិភាព កុំដាក់ហាលថ្ងៃ កុំឱ្យត្រូវភ្លៀង ពីព្រោះរទេះរុញនេះជាជើងរបស់យើង។
ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ UNICEF ប្រចាំកម្ពុជា បានជួយឧបត្ថម្ភរទេះបញ្ជារដោយថាមពលអគ្គីសនីចំនួន១០គ្រឿង តាមរយៈគម្រោង សហគមន៍រួមបញ្ចូលគ្នាសម្រាប់ជនពិការធ្ងន់ធ្ងរ ដែលអនុវត្តសកម្មភាពដោយអង្គការPPCIL និងក៏សូមអរគុណដល់អង្គការជំនួយសង្រ្គោះជនពិការអាស៊ាន (AAPD) ដែលបានជួយឧបត្ថម្ភរទេះរុញចំនួន២០គ្រឿង និងរទេះអគ្គីសនីចំនួន៨គ្រឿងថែមទៀត៕