Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងផែនការ៖ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុត​មាំ ក្នុងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ

05-12-2017 13:48

(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុត​មាំ ក្នុងការកាត់ បន្ថយភាពក្រីក្រ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី អត្ដសញ្ញាណកម្មគ្រួសារក្រីក្រ និងបានចាត់ទុកថា កម្មវិធីនេះជាឧបករណ៍ដ៏មានសារៈសំខាន់ ក្នុងការជំរុញល្បឿនការកាត់បន្ថយ ភាពក្រីក្រ ឲ្យបានឆាប់រហ័ស។

ការលើកឡើងបែបនេះ ក្នុងឱកាសដែល លោកទេសរដ្ឋមន្ត្រី ឆាយ ថន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយគ្រួសាររងផលប៉ះពាល់ដោយសារមេរោគអេដស៍ នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលរៀបចំឡើងដោយ នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃ ក្រសួងផែនការ សហការដោយ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងគាំទ្រដោយ អង្គការ UNAIDS នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានបន្ថែមទៀតថា ដើម្បីសម្រេចបានជោគជ័យក្នុងការអនុវត្ត ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ និងឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍សហស្ស វត្សន៍កម្ពុជា នៅឆ្នាំ២០១៥ បច្ចុប្បន្នជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព ក្នុងការលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ និងការអត់ឃ្លាន ជាពិសេសនៅតាមតំបន់ ជនបទដែលមានអត្រា ប្រជាជនក្រីក្រខ្ពស់។

រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ទៀតថា ជាមួយនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះ កម្មវិធីអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ រាជរដ្ឋាភិបាល​បានដាក់ឲ្យអនុវត្តនូវអនុក្រឹត្យលេខ ២៩១ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ ស្ដីពីអន្ដសញ្ញាណកម្មគ្រួសារក្រីក្រ និងការប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ។ លោកថា ចាប់តាំងពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា បានវិភាជន៍ថវិកាបដិភាគជាបន្ដបន្ទាប់ សម្រាប់ការងារអន្ដសញ្ញាណកម្មគ្រួសារក្រីក្រ ហើយចាប់ពីឆ្នាំ២០១៥មក រាជរដ្ឋាភិបាលជាអ្នកផ្ដល់ថវិកាទាំងស្រុងសម្រាប់ការងារនេះ។

សូមជម្រាបផងដែរថា គោលបំណងពិធីសំណេះសំណាលខាងលើនេះ ដើម្បីពិនិត្យមើលលទ្ធផល នៃដំណើរអន្ដសញ្ញាណកម្មគ្រួសារក្រីក្រ នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង តើមាន គ្រួសាររងផលប៉ះពាល់ ដោយសារមេរោគអេដស៍ប៉ុន្មានគ្រួសារ ដែលទទួលបានប័ណ្ណសមធម៌ សម្រាប់ប្រើប្រាស់ក្នុងការទទួលជំនួយ និងសេវាផ្សេងៗ ជាពិសេសសេវាសុខាភិបាល៕