(ស៊ីដនី)៖ ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអ៊ីនធើណែត ដ៏ធំមួយរបស់អាមេរិក Amazon បានប្រកាសធ្វើប្រតិបត្តិការអាជីវកម្មជាផ្លូវការហើយ ក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ ជាមួយការរំពុងទុកខ្ពស់ថា នឹងទទួលបានអតិថិជនយ៉ាងច្រើន មុនថ្ងៃបុណ្យណូអែលឈានចូលមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
យោងតាម លោក Rocco Braeuniger អ្នកគ្រប់គ្រងក្រុមហ៊ុន Amazon ក្នុងប្រទេសអូស្ត្រាលី ហាងទំនិញមួយនៅលើផ្ទៃ ២៤,០០០ម៉ែត្រក្រឡា ស្ថិតនៅជាយទីក្រុង Melbourne នឹងផ្ដល់ជូនអតិថិជននូវមុខទំនិញ ២៣ប្រភេទ រាប់ចាប់ពីសៀវភៅ ឧបករណ៍អេឡិចត្រូនិច សម្លៀកបំពាក់ សម្ភារៈតុបតែងផ្ទះ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផលិតផលថែរក្សាសុខភាព និងគ្រឿងសម្អាង ព្រមទាំងផលិតផលសម្រាប់ទារកជាដើម។
ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែសប្បាយចិត្ត នឹងការពង្រីកសាខានៅក្នុងប្រទេសអូស្រា្ដលី នៃក្រុមហ៊ុនយក្សអាមេរិកមួយនេះឡើយ ជាពិសេសគឺអ្នកលក់មុខទំនិញរាយតែម្ដង ដែលកំពុងព្រួយបារម្ភ ពីអាជីវកម្មរបស់ពួកគេទៅថ្ងៃអនាគត ប្រឈមុខនឹងការប្រកួតប្រជែងជាមួយ Amazon ដែលកំពុងតែពង្រីកខ្លួនខ្លាំង នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ ក្រុមហ៊ុន Amazon ក៏មានគំរោងបង្កើតផ្សារទំនើបនៅក្នុងប្រទេសអូស្រ្ដលីផងដែរ ដោយដាក់ឈ្មោះថា Amazon Fresh ដែលនឹងផ្ដល់ជូនសេវាកម្ម លក់អាហារស្រស់នៅលើបណ្ដាញអ៊ីនធឺណែត៕