(ព្រៃវែង)៖ គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានប្រកាសបញ្ចូលសមាជិកបក្សថ្មី ដែលជាអតីតសមាជិករបស់ គណបក្សសង្រ្គោះជាតិចំនួន១៨៣នាក់ នៅទូទំាងខេត្ត ទំាងបេក្ខជនក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ សង្កាត់ មេឃុំ ជំទប់ និងសមាជិកពេញសិទ្ធិ និងមប្រុងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងក្រោមវត្តមានលោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្យប្រជាជនខេត្តព្រៃវែង និងលោក ជា សុមេធី អនុប្រធានគណបក្យប្រជាជនខេត្ត នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោក ស្បោង សារ៉ាត បានពាំនាំផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្យប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្យប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារខត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជន។
លោកបានថ្លែងថា សមាជិកថ្មីចំនួន១៨៣នាក់នេះ ដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្យប្រជាជនកម្ពុជា ដោយពួកគាត់មើលឃើញពីទង្វើលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លាញប្រទេសកម្ពុជា ជាទ្វើក្បត់ជាតិរបស់លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ។ ទាំងនេះបង្ហាញឲ្យឃើញថា គណបក្យប្រជាជនកម្ពុជា មានគោលនយោបាយដឹកនាំត្រឹមត្រូវ ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព មានលទ្ធិប្រជាធិបតេយ្យ និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
លោកបន្តថា «សមាជិកថ្មីមានក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ សង្កាត់មកពី៨៦ឃុំ ក្នុងចំណោមក្រុង ស្រុកទាំង១៣ មានចំនួន១៨៣នាក់នេះ គឺបានមករួមគ្នាជាធ្លុងមួយជាមួយគណបក្យប្រជាជនកម្ពុជា ក្នុងការថែក្សាសន្តិភាព កសាងអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំ និងបំរើផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ។ ហើយសមាជិកទាំងនេះ ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល ក្នុងការរំលាយគណបក្យសង្រ្គោះជាតិ»។
លោក ស្បោង សារ៉ាត បានផ្តាំផ្ញើដល់សមាជិកថ្មីដឹកនាំសមាជិកនៅមូលដ្ឋាន មករួមរស់ជាមួយគណបក្យប្រជាជនកម្ពុជាទាំងអស់គ្នា ហើយរវាងសមាជិកគណបក្យប្រជាជនកម្ពុជាចាស់ និងអ្នកថ្មី ត្រូវសាមគ្គីគ្នាឲ្យបានរឹងមាំ ត្រូវចេះជួយគ្នា ស្រឡាញ់គ្នា ដោះស្រាយរាល់ទុកលំបាកគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ លោក ជា សុមេធី ក៏បានសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកថ្មីដែលចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ក្លាយជាសាច់ឈាមតែមួយ ដោយសារតែសមាជិកទំាងអស់ មើលឃើញការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុះមុត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើការងារបម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ របស់អាជ្ញាធរគ្រប់ថ្នាក់នៅមូលដ្ឋាន។
លោកបានបន្តថា ការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ពាក្យសម្បថដែលបានស្បថ មុខព្រះមហាក្សត្រ មុខព្រះស្វេត្រឆ័ត្រ និងមុខព្រះភ័ក្រព្រះសង្ឃ ទាំងពីរគណៈ ដោយឃុបឃិតជាមួយបរទេស ចង់បង្កើតបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះស្របពេល គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំផ្ញើដល់បងប្អូនទំាងអស់ខិតខំធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋកើនឡើងទ្វេដង ត្រូវបន្តការសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាបំរើប្រជាពលរដ្ឋ សហការគ្នាធ្វើការងារក្នុងនាមជាតិខ្មែរតែមួយ មិនត្រូវប្រកាន់និន្នការនយោបាយអ្វីឡើយ ដើម្បីបន្តការគាំទ្រ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលការណ៍របស់គណបក្សប្រជាជនកម្ពុជា «សមូហភាពដឹកនាំ តែបុគ្គលទទួលខុសត្រូវ មតិភាគតិច ត្រូវគោរពមតិភាគច្រើន សមាជិកម្នាក់ៗ ត្រូវគោរពអង្គការចាត់តំាង ថ្នាក់ក្រោមត្រូវគោរពថ្នាក់លើ»៕