(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា កម្ពុជា-ថៃ នៅតែបន្ដទំនាក់ទំនងជាមួយគ្នាដ៏ល្អ លើវិស័យវប្បធម៌ សង្គមកិច្ច ពាណិជ្ជកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍ ព្រោះប្រទេសទាំង២ មានវប្បធម៌ទន់ភ្លន់រាក់ទាក់ គួរឲ្យគោរពស្រឡាញ់ក្នុងនាមបងប្អូន និងមានភូមិផងរបងតែមួយ។
ការលើកឡើងរបស់លោកស្រី ម៉ែន សំអន ក្នុងឱកាសលោកស្រីទទួលជួបគណៈប្រតិភូ ក្រសួងវប្បធម៌ ព្រះរាជាណាចក្រថៃដឹកនាំដោយលោក Vira Rojpoj Chanarat រដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង។
លោក ចាប សុថារិទ្ធ អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ថា «កម្ពុជា-ថៃ គឺជាប្រទេសក្បែរខាងគ្នាមានទំនាក់ទំនងដ៏ល្អជាមួយគ្នា តាំង ពីយូរយារណាស់មកហើយ។ កម្ពុជា-ថៃ ជាប្រទេសកាន់សាសនាតែមួយ និងជាប្រទេសភូមិផងរបងតែមួយ មិនតែប៉ុណ្ណោះជាប្រទេសសមាជិកអាស៊ានដូចគ្នា ការពង្រឹងទំនាក់ទំនង លើគ្រប់វិស័យ ជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបើកសិទ្ធិសេរីភាពគ្រប់យ៉ាង ជូនពលរដ្ឋគ្រប់រូបគោរព ប្រតិបត្ដិតាមជំនឿសាសនា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ»។
លោកបន្ដថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមអគុណដល់ក្រសួងវប្បធម៏ថៃ ដែលបានសហការដ៏ល្អជាមួយ ក្រសួងវប្បធម៏កម្ពុជា។ កន្លងមកនេះអាជ្ញាធរថៃ បានប្រគល់វត្ថុបុរាណ្យ របស់ខ្មែរជាច្រើនមកឲ្យកម្ពុជាវិញ ដែលពួកជនខិលខូចមួយចំនួនតូច បានលួចយកទៅលក់នៅប្រទេសថៃ។ មិនតែរាជរដ្ឋាភិបាលថៃ តាមរយៈក្រសួងវប្បធម៌ ទាំងពីរបានបង្កលក្ខណៈ ឲ្យមានការសម្ដែងសិល្បៈរួមគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ-ថៃ នៅតាមបណ្ដាខេត្ដជាប់ព្រំដែនជាមួយគ្នា ដោយផ្លាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក បញ្ជាក់ពីវប្បធម៏ពីភាពទន់ភ្លន់ ក្នុងនាមជាបងប្អូន។
លោក Vira Rojpoj Chanarat រដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ បានសម្តែងនូវការអបអរសាទរចំពោះ ការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្ដិភាព ពេញលេញ និងប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបន្ដថា ដំណើរទស្សកិច្ចរបស់គណៈប្រតិភូវប្បធម៌ថៃ នៅលើទឹកដី នៃកម្ពុជា នៅពេលនេះ ពិតជាបាននាំមកនូវបទពិសោធន៍ និងចែករំលែកគំនិត ល្អៗពីគ្នាទៅវិញទៅមក និងបានផ្សព្វផ្សាយវប្បធម៌ ដូចគ្នាឲ្យប្រជាពលរដ្ឋ ទាំងពីរបានយល់ដឹងកាន់តែជិតស្និទ្ធ ក្នុងនាមប្រទេសកាន់សាសនា ព្រះពុទ្ធដូចគ្នា ការនិយាយស្ដីទំនាមទម្លាប់ ស្រឌៀងគ្នា ការស្លៀក ពាក់ ដូចគ្នា និងការប្រាស័យទាក់ទងរវាងគ្នាដោយភាពទន់ភ្លន់ដូចគ្នា៕