(រតនគិរី)៖ កម្លាំងនគរបាលក្រុងបានលុង សហការជាមួយកម្លាំង អ.ហ ខេត្ត បានស្ទាក់ចាប់រថយន្តសាំយ៉ុង១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខស្ទឹងត្រែង 2A-0171 ផ្ទុកកេះគ្រាប់បែកផាវចំនួន៦កេះ មាន៣៦កញ្ចប់ ស្មើនិង៥៤០០គ្រាប់ ដែលច្បាប់ហាមឃាត់មិនឲ្យធ្វើការលក់ដូរតាមទីផ្សារ។
សមត្ថកិច្ចនគរបាលក្រុងបានលុង ប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនមនុស្ស២នាក់ទី១-ឈ្មោះ ម៉ុត សំណាង អាយុ៣០ឆ្នាំ មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ (ម្ចាស់រថយន្ត) និងទី២-ឈ្មោះ សេង ប៉ាវ អាយុ២៨ឆ្នាំ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង (ម្ចាស់ឥវ៉ាន់)។
បច្ចុប្បន្នវត្ថុតាងនាំយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕