(កណ្តាល)៖ ម្ចាស់សង្វៀនជល់មាន់ដ៏ធំចំនួន២កន្លែង ដែលជាកូនប្រសារបស់លោក ហ៊ុន សាន ត្រូវបានបញ្ជូនទៅសួរនាំបន្ត នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីរូបគេ បានចូលខ្លួ​នប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ កាលពីយប់មិញ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា «នៅពេលនេះ ម្ចាស់សង្វៀនជល់មាន់ ស្ថិតក្រោមការសួរនាំរបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអម សាលាដំបួងខេត្តកណ្តាល ប៉ុន្តែមិនទាន់ដឹងពីចំណាត់ការយ៉ាងណានោះទេ រហូតដល់ការសម្រេចរបស់លោក ព្រះរាជអាជ្ញា»

បើតាមលោកស្នងការ តាមតួលេខចុងក្រោយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្នុងរវង់ប្រតិបត្តិការចុះបង្ក្រាបកាលពីម្សិលមិញនោះ មានចំនួន៦៤នាក់ ខណៈដំបូងមនុស្សជាង១៥០នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែខ្លះជាជាងសំណង់ ក៏អនុញ្ញាតឲ្យត្រឡប់ទៅវិញ។ សម្រាប់មនុស្សទាំង៦៤នាក់នេះ លោកស្នងការថា នឹងបន្តសួរនាំទៀត រួចនឹងមានចំណាត់ការតាមក្រោយ។

សម្រាប់វត្ថុតាងដែលត្រូវបានរឹបអូសវិញ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា រថយន្តមានចំនួនជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ព្រមទាំងមាន់ជល់ជាង១០០ក្បាល។

សូមបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យម្ចាស់ សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានគេដឹងថា ជាកូនប្រសារបស់លោក ហ៊ុន សាន, នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បុគ្គលរូបនេះបានសម្រេច ប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ នេះបើតាមមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងប្រាប់ បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំចំនួន២ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការប្រគល់ឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃនេះដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា។

ការប្រគល់ខ្លួនជូនសមត្ថកិច្ចនៅពេលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី០៤ ខែធ្នូនេះ ដោយផ្តល់កិច្ចសម្ភាសន៍ពិសេស មួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖

«ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្យ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹង បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»

ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។

ក្រោយចុះបង្ក្រាបនេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ៕

លោកថៃ ផានី ហៅម៉ាប់ ពេលសមត្ថកិច្ចនាំទៅដល់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅយប់ថ្ងៃនេះ