(ភ្នំពេញ)៖ ដោយសារតម្រូវការទីផ្សារការងារកាន់តែកើនឡើង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្កើតមជ្ឈមណ្ឌលការងារមួយទៀត នៅខេត្តព្រះសីហនុ និងបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ដើម្បីរួមចំណែកផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកការងារធ្វី និងបំពេញតម្រូវការទីផ្សារការងារក្នុងខេត្តភាគនិរតីមួយនេះ។
ពិធីបើកដំណើរការជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាព និយោជកគ្រឹះស្ថានអប់រំ សិស្ស និស្សិត និងភាគីពាក់ព័ន្ធជិត ៤០០នាក់។
លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលការងារនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការនាំសេវាការងារ និងព័ត៌មានទីផ្សារការងារឲ្យកាន់តែឆាប់រហ័ស និងមកកៀកជិតប្រជាពលរដ្ឋ ក៏ដូចជាចំណូលកាន់តែប្រសើរឡើង ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋលេខាបន្តថា រាជរដ្ឋាភិបាលជឿជាក់ថា ការងារគឺជាមធ្យោបាយមួយដ៏សំខាន់ ក្នុងការបែងចែកចផលលាភពីកំណើនសេដ្ឋកិច្ចទៅដល់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយសមធម៌ និងតម្លាភាព ក៏ដូចជាផ្ដល់ឲ្យប្រជាពលរដ្ឋនូវសេរីភាព និងឯករាជ្យភាពក្នុងការរស់នៅដោយពឹងលើខ្លួនឯងផ្ទាល់។
លោកបណ្ឌិត ពេជ សោភ័ន បានបន្ថែមថា មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងចំពេលដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ តំបន់សេដ្ឋកិច្ចពិសេសពហុបំណង កំពុងតែមានការអភិវឌ្ឍរស់រវើកលើគ្រប់វិស័យ ដែលក្រៅពីវិស័យដឹកជញ្ជូនទេសចរ បដិសណ្ឋារកិច្ច និងភោជនីយដ្ឋាន មានរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចរីកព្រោងព្រាត ហើយកំពុងឈានទៅមាននូវឧស្សាហកម្មទាញយកប្រេង ក្នុងពេលដ៏ខ្លីខាងមុខ។
មជ្ឈមណ្ឌលការងារនេះ នឹងដើរតួនាទីជាច្រកចេញចូលតែមួយ ដែលប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ អាចទទួលព័ត៌មានអំពីឱកាសការងារ និងសេវាជួយស្វែងរកការងារដោយងាយស្រួល។ ទន្ទឹមនេះ មជ្ឈមណ្ឌលការងារក៏បានផ្ដល់ឱកាសទូលំទូលាយដល់និយោជក ក្នុងការផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មគ្រប់ប្រភេទ ហើយទទួលបានសេវាផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារដែលមានគុណភាពបានយ៉ាងឆាប់រហ័ស។ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលនានា ក៏អាចធ្វើការផ្សព្វផ្សាយនូវវគ្គ និងកម្មវិធីបណ្ដុះបណ្ដាលដោយងាយស្រួលនៅទីនេះ។
សូមជម្រាបថា មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ ដែលទើបបើកដំណើរការនេះ គឺជាមជ្ឈមណ្ឌលការងារទី១១ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ ហើយក៏ជាមណ្ឌលការងារទី៥ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការ និងការគាំទ្ររបស់គម្រោងស្ដីពី «ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅកម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)៕
ក្រៅពីមជ្ឈមណ្ឌលការងារថ្មីនេះ NEA ដែលជាទីភ្នាក់ងារផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាល ក៏កំពុងផ្ដល់សេវាការងារដោយឥតគិតថ្លៃផងដែរ តាមរយៈគេហទំព័រ www.nea.gov.kh និងមជ្ឈមណ្ឌលការងារ ដែលជាអ្នកផ្ដល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១ រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងខេត្តព្រះសីហនុ៕