(ភ្នំពេញ)៖ អង្គមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ បានសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាធ្វើជា «គរុគុណ» នៃកាយរឹទ្ធិជាតិកម្ពុជា។
បើតាមលោក ហង់ ជួនណារ៉ុន ប្រធានកាយរឹទ្ធិជាតិកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការសម្រេចអញ្ជើញសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតធ្វើជា «គរុគុណ» នៃកាយរឹទ្ធិជាតិកម្ពុជាកម្ពុជា បន្ទាប់ពីសម្តេចទាំងពីរ មានគុណបំណាចយ៉ាងធំធេងក្នុងការបង្កើតឡើងវិញនូវកាយរឹទ្ធិជាតិកម្ពុជា។ លើសពីនោះទៀតសម្តេចទាំងពីរ តែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជំរុញ និងពង្រឹងចលនាកាយរឹទ្ធិជាតិកម្ពុជា រហូតត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។
ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតនាព្រឹកថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកដោយការពេញចិត្ត ហើយក៏បានអរគុណដល់អង្គសន្និបាតកាយរឹទ្ធិជាតិកម្ពុជា ដែលបានជ្រើសយកសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជា «គរុគុណ» នៃកាយរឹទ្ធិជាតិកម្ពុជា។
ក្នុងពិធីបិទសន្និបាតនាព្រឹកមិញសម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំទាំងអស់រួមគ្នាកសាងកម្លាំងកាយរឹទ្ធិមួយដ៏អង់អាចក្លាហាន ក្លាយជាកម្លាំងដ៏ភក្តីភាព និងជាអ្នកបន្តវេណដ៏មានប្រសិទ្ធភាពសម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍ជាតិ។
វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជូន ណាត បានបញ្ជាក់ថា ពាក្យ «គរុគុណ» គឺសំដៅដល់អ្នកដែលមានគុណបំណាច់ធំធេង៕