(កណ្តាល)៖ ប្រជាពលរដ្ឋ២៩២គ្រួសារ បានតវ៉ាបិទផ្លូវរារាំងក្រុមអាជ្ញាធរ និងមន្ត្រីជំនាញ មិនឲ្យវាស់ដីទំនាស់ជូនក្រុមហ៊ុន «មីនយូឃូលធឺហ្វោន ដេស្គិន» ព្រមទាំងស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយអន្តរាគមន៍បញ្ហាទំនាស់ដីរវាងពួកគាត់ ជាមួយក្រុមហ៊ុននេះ ចំនួន៤៥០ហិចតា ស្ថិតនៅចំណុចទំនប់៩២ ក្នុងស្រុកកណ្ដាលស្ទឹង និងសង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រជាពលរដ្ឋរងគ្រោះបានថ្លែងថា អ្នកភូមិជាង២០០គ្រួសារ រស់នៅឃុំកណ្តោក ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានកាន់កាប់ដីរបស់ពួកគាត់ តាំងពីឆ្នាំ១៩៧៩មក ដោយបានកាប់ឆ្ការព្រៃ រាន ដាំដំណាំ ធ្វើស្រែ ប៉ុន្តែក្រោយមកបែរមានទំនាស់ ជាមួយក្រុមហ៊ុន «ហេងអភិវឌ្ឍន៍» រហូតបានប្តឹងចូលសាលាដំបូងខេត្តកណ្តាល តែក្រោយមកសាលាដំបូងខេត្តកណ្តាល បានកាត់ក្តីឲ្យប្រជាពលរដ្ឋជាអ្នកឈ្នះ និងបានចុះមកប្រកាសសាលក្រមផងដែរ រួចឲ្យកម្លាំងចម្រុះខេត្តវាស់វែងជូនប្រជាពលរដ្ឋវិញ តាំងពីឆ្នាំ២០០៦។ ប៉ុន្តែក្រោយវាស់វែងរួច ពួកគាត់មិនបានទទួលប្លង់កាន់កាប់នោះទេ រហូតដល់បច្ចុប្បន្ន ដោយគេមិនចេញប្លង់ឲ្យ។
ប្រជាពលរដ្ឋដដែលបានបន្តថា ចាប់តាំពីប្រជាពលរដ្ឋទទួលឈ្នះក្តីមក ពួកគាត់បានត្រឹមតែទទួលដំណឹងថា ជាអ្នកឈ្នះប៉ុន្តែមិនបានកាន់កាប់ដី នោះឡើយសូម្បីតែចូលទៅនេសាទ ឬកាប់អុសបេះត្រគួននៅលើចំណុចដីរបស់ពួកគេ ក៏មិនបានដែរ គឺខាងក្រុមហ៊ុននៅតែបន្តដាក់កម្លាំងការពារ មិនឲ្យចូលនោះ ដូច្នេះពួកគាត់មានសិទ្ធិតែនៅលើក្រដាសប៉ុណ្ណោះ ចំណែកដីក្រុមហ៊ុននៅតែបំពាបំពានដដែល។
ប្រជាពលរដ្ឋបានបន្តទៀតថា លុះក្រោយមកស្រាប់តែមានក្រុមហ៊ុន មីនយូឃូលធឺហ្វោន ដេស្គិន មានដីនៅទីនោះ ហើយកន្លងពួកគាត់ធ្លាប់ ធ្វើការតវ៉ាជាញឹកញាប់រារាំងមិនឲ្យចុះវាស់វែងរបស់កម្លាំងចំរុះ ព្រោះពួកគាត់មិនដែលបានទទួល សេចក្តីជូនដំណឹងពីអាជ្ញាធរម្តងណាឡើង ហើយចុះមកដោយស្ងាត់ៗ តែម្តងជាក់ស្តែងដូចព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ ពួកគាត់ជាប្រជាពលរដ្ឋ មិនបានទទួលដំណឹងពីអាជ្ញាធរម្តងណាឡើយ ស្រាប់តែមានខាងក្រសួង និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មានកម្លាំងចុះទៅវាស់វែងបោះបង្គោលកំណត់ព្រំប្រទល់ទៅឲ្យក្រុមហ៊ុន។
ប្រជាពលរដ្ឋបានសំណូមពរទៅសម្តេច ហ៊ុន សែន ដែលជាប្រមុខដឹកនាំ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី មេត្តាជ្រាបជាព័ត៌មាន និងជួយរកយុត្តិធម៌ជូនពួកគាត់ ដែលជាប្រជាពលរដ្ឋក្រីក្រ និងសំណូមពរឲ្យចេញប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់ដោយស្របច្បាប់ផង។
ដោយសារតែការតវ៉ារារាំងពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីដែលចុះទៅនោះ បានពន្យល់ដល់ប្រជាពលរដ្ឋថា ទៅវាស់ដីដែលមានទំនាស់នោះដើម្បីចង់ដឹង ពីចំនួនដីពិតប្រាដកនៅទីនោះ ដើម្បីធ្វើការដោះស្រាយរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុន តាមនីតិវិធី សូមកុំឲ្យប្រជាពលរដ្ឋហាមឃាត់អី។ ចំណែកក្រុមប្រជាពលរដ្ឋ បានរារាំងដាច់ខាតមិនឲ្យក្រុមមន្ត្រីចុះទៅវាស់ដីនោះទេ ដោយលើកហេតុផលថា កន្លងមកក្រុម មន្ត្រីចុះ ទៅវាស់វែងដីមានទំនាស់ថា ដើម្បីរកដំណោះស្រាយតែក្រោយមកបែរជា វាស់ធ្វើបណ្ណ័កម្មសិទ្ធឲ្យទៅក្រុមហ៊ុនទៅវិញទើប ពួកគាត់ធ្វើការរារាំងបែបនេះ។
ដោយឃើញការតវ៉ារារាំងបែបនេះ ក្រុមមន្ត្រីបានពន្យល់ដល់តំណាងប្រជាពលរដ្ឋ ឲ្យរកតួលេខចំនួនដីរបស់ប្រជាពលរដ្ឋពិតប្រាកដនៅទីនោះ និងបំពេញបែបបទដាក់ចូលមកអាជ្ញាធរ និងមន្ទីជំនាញដើម្បីធ្វើការប្រជុំដោះស្រាយគ្នាតាមនីតិវិធី។ ការចុះវាស់វែងដីនេះ ត្រូវបានបរាជ័យ ហើយក្រុមមន្ត្រីជំនាញបានត្រឡប់វិញនៅវេលាម៉ោងជាង១០ព្រឹកថ្ងៃដដែល៕