(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតតាមឃាត់ខ្លួនបុរសម្នាក់ ដែលគេដឹងថា ជាជើងខ្លាំងដើរញុះញុង និងកេណ្ឌប្រជាពលរដ្ឋ ឲ្យទៅរំលោភយកដីអ្នកដ៏ទៃខុសច្បាប់ តាមអំណាចដីការបស់តុលាការខេត្តកំពង់ស្ពឺ។
មន្រ្តីតុលាការខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាបញ្ជាឲ្យឃុំខ្លួនដាក់ពន្ធនាគារហើយ។
សម្រាប់ការតាមចាប់ខ្លួនបុគ្គលនេះ ប្រជាពលរដ្ឋជាច្រើន រួមទាំងមន្ត្រីរាជការ ក្នុងខេត្តកំពង់ស្ពឺ មានការសារទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់តុលាការ និងនិយាយថា បញ្ហាដីធ្លី នឹងត្រូវបញ្ចប់ ពីព្រោះម្នាក់នេះ ជាអ្នកញុះញង់ ពូកែខាងកេណ្ឌជនអនាធិបតេយ្យចាប់ដីរបស់អ្នកដទៃផងដែរ។
មន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា បន្ទាប់ពីតុលាការខេត្តកំពង់ស្ពឺ ចេញដីការតាមចាប់ខ្លួនជនសង្ស័យឈ្មោះ អ៊ុក វិច្ឆិកា នោះមក លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យកម្លាំងរបស់លោក សហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន ជនសង្ស័យរូបនោះឈ្មោះ អ៊ុក វិច្ឆិកា អាយុ៣៦ឆ្នាំ មានទីលំនៅសព្វថ្ងៃផ្ទះលេខ២៩៣D ផ្លូវលេខ១៥០ ភូមិ១១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ។
ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរ ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ «ផ្តើមគំនិតក្នុងអំពើរំលោភកាន់កាប់លើអចលវត្ថុ» កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០១៧ នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕