(កំពង់ធំ)៖ ដើម្បីលើកទឹកចិត្តយុវជនឲ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់យុវជន ក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសិស្សានុសិស្សជាង៤០០នាក់មកពី២៥ រាជធានី-ខេត្ត បោះជំរំក្រុមប្រឹក្សាយុវជនកម្ពុជាថ្នាក់ជាតិ លើកទី១៩ ក្រោមប្រធានបទ «យុវជនដើម្បីសន្តិភាព និងវឌ្ឍនភាព» នៅពហុកីឡាដ្ឋានខេត្តកំពង់ធំ ភូមិត្រពាំងឫស្សី ឃុំត្រពាំឫស្សី ស្រុកកំពង់ស្វាយ។
ពិធីបើកការបោះជំរំនេះ ធ្វើឡើងនារាត្រីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោក ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ ដែលមានការចូលរួមពីប្រធានអង្គភាព មន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្សជាយុវជនទាំង២៥រាជធានី-ខេត្ត ចំនួនប្រមាណជាង៤០០នាក់។
លោក ជីវ រដ្ឋា បានលើកឡងថា ការបោះជំរំមានគោលបំណងអប់រំយុវជនឲ្យរៀនរស់នៅដោយខ្លួនឯង រៀនរស់នៅជាមួយគ្នារៀនរស់នៅជាមួយធម្មជាតិ និងបង្កើតវឌ្ឍនភាពពីក្រុមតូចទៅក្រុមធំ ពីខេត្តមួយទៅខេត្តមួយ ចេះរស់នៅឆ្ងាយពីឪពុកម្តាយ យល់ពីតម្លៃនៅផ្ទះម្តាយទីទៃនៅព្រៃម្តាយជាមួយ បង្កើនភាពជឿជាក់ដោយខ្លួនឯង និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទោមក ដើម្បីឲ្យពួកគេមានសមត្ថភាពពេញលេញ ក្នុងការអភិវឌ្ឍខ្លួនប្រកបទៅដោយភាពរឹងមាំ និងការរីកចម្រើន ក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាព ក្នុងការកសាងជាតិនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។
លោក ញឹក បានខេង ការបោះជំរំនេះជាផ្នែកមួយនៃការបង្ហាត់បង្ហាញ ពីការងារគ្រប់គ្រងតាមបែបប្រព័ន្ធស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានបែងចែកជាក្រុមជាកង និងប្រគល់ភារកិច្ចទទួលខុសត្រូវតាមឋានានុក្រម ហើយធ្វើឲ្យយុវជនអភិវឌ្ឍនូវជំនាញទន់របស់ខ្លួនដោយចេះសង្កេតពិចារណា ចេះបង្កើនស្មារតីធ្វការងារដោយភាពទទួលខុសត្រូវ ក្នុងស្មារតីមិត្តភាពសាមគ្គីភាព។
លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់រៀបចំឲ្យមានក្រុមប្រឹក្សាកុមារ យុវជននៅតាមសាលា ដើម្បីជាយន្តការលើកកម្ពស់អនុវត្តចលនា៣ល្អ និងជាឱកាសឲ្យយុវជនរៀនធ្វើការងារជាបុគ្គល ជាក្រុមក្នុងការហ្វឹកហាត់អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសង្គម ដើម្បីបង្កើនស្មារតីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ជាពិសេសខិត្តខំប្រព្រឹត្តតែអំពើល្អឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ។
លោនបានផ្តាំផ្ញើឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីក្លាយជាទំពាំងស្នងឫស្សីនាពេលខាងមុខ ដូច្នេះដើម្បីឲ្យក្លាយជាឫស្សីល្អ សូមលោកគ្រូ អ្នកគ្រូ ខិតខំយកចិត្តទុកដាក់ជួយបង្ហាត់បង្រៀន អប់រំទូន្មាន ដល់សិស្សានុសិស្សទំាងអស់ ប្រកបដោយសមធម៌នឹងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គម។
សូមជម្រាបថា ការបោះជំរំមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៣-៩ ខែធ្នូ ឆ្នាំ២០១៧ ដោយបែងចែកជា៦សាខាហើយក្នុង១សាខា មាន៥អនុសាខា និង១អនុសាខាមានសមាជិកពី ៨ទៅ១០នាក់៕