(កោះកុង)៖ ម៉ូតូសេរីទំនើងចំនួន១១គ្រឿង ដែលឈ្មួញនាំចូលពីប្រទេសថៃ តាមផ្លូវទឹក ដឹកតាមទូកត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះទៅបង្ក្រាបនៅវេលាម៉ោង២យប់ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថិតនៅលើផ្ទៃសមុទ្រកោះកុង។
លោក មីន រស្មី ស្នងការរងនគរបាលខេត្តកោះកុង បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកោះកុង ឲ្យដឹងថា នៅម៉ោង២យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ កម្លាំងរបស់លោក បានចុះល្បាតលើផ្ទៃសមុទ្រ ដើម្បីការពារសន្តិសុខជូនប្រជានេសាទ ដូចធម្មតាក្នុងការចុះល្បាតកម្លាំងសមត្ថកិច្ច បានប្រទះឃើញទូកមួយគ្រឿង ដែលឈ្មួញដឹកពីប្រទេសថៃ ចូលមកខេត្តកោះកុង ទាំងកណ្តាលយប់ ពេលនោះកម្លាំងរបស់លោក ក៏ធ្វើការឃាត់ទូកនោះ នាំមកស្នងការខេត្ត ដើម្បីធ្វើការសួរនាំក្នុងការនាំចូលមានពន្ធ ឬអត់តែការសួរនាំរកមើលឯកសារនាំចូលគ្មាន ទើបសមត្ថកិច្ចយកមករក្សាទុក នៅស្នងការនគរបាលខេត្ត។
ចំពោះការឃាត់ម៉ូតូសេរីទំនើទាំង១១គ្រឿងនេះ ត្រូវបានមន្ត្រីគយសាខាខេត្តកោះកុង មិនបានបញ្ជាក់ឈ្មោះ បានប្រាប់នៅតាមទូរស័ព្ទនៅម៉ោង៩ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះថា ម៉ូតូដែលឈ្មួញនាំចូលតាមផ្លូវទឹកនេះ គឺឈ្មួញនាំចូលក្នុងគោលបំណងបង់ពន្ធចូលរដ្ឋ ដោយមានឯកសារត្រឹមត្រូវ តែបែរជាសមត្ថកិច្ចឃាត់ទុកទៅវិញ។
មជ្ឈដ្ឋានមួយចំនួនបាននិយាយថា នេះគ្រាន់ជាការឆ្លើយដោះសាររបស់មន្រ្តីគយប៉ុណ្ណោះ បើសិនជាម៉ូតូនាំចូលស្របច្បាប់ គេមិនដែលដឹកពេលយប់ឆ្លងកាត់សមុទ្រទេ គឺដឹកតាមផ្លូវគោកស្រួលជាង មិនភិតភ័យជួបព្យុះភ្លៀងទៀត ហើយនៅក្នុងខេត្តកោះកុង ម៉ូតូសេរីទំនើបៗ ដាក់លក់ក៏ច្រើនដែរ៕