(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលជាថ្ងៃចុងក្រោយនៃទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដេស បានជួបសវនាការ និងពិភាក្សាការងារជាមួយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ។ ទស្សនកិច្ចនេះ ធ្វើឡើងពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រីបានជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន, ចូលបង្គំគាល់ព្រះមហាក្សត្រ, ជួមសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ។
លោកស្រី នឹងចាកចេញពីកម្ពុជា នៅរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ៕