(ពោធិ៍សាត់-កំពង់ធំ)៖ ករណីក្រុមអង្គការការពារធនធានធម្មជាតិ និងយោធាប្រមាណ៥នាក់ បានចុះបង្ក្រាបបទល្មើសនេសាទ រហូតផ្ទុះអាវុធ៤គ្រាប់ បណ្តាលឲ្យបុរសជនជាតិវៀតណាមម្នាក់បានរងរបួស កាលពីម្សិលមិញនោះ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានរាយការណ៍ថា ជនរងគ្រោះបានស្លាប់ពេលកំពុងបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ។
ជាមួយគ្នានេះ កម្លាំងនគរបាលខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ បានសហការគ្នាតាមបង្ក្រាបក្រុមជនបង្កទាំង៥នាក់ ដល់ទឹកដីខេត្តកំពង់ធំ ប៉ុន្តែពួកគេបានរត់គេចខ្លួនអស់ បន្សល់ទុកតែកាណូត និងសម្ភារលើកាណូតតែប៉ុណ្ណោះ។
ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រាប់ Fresh News ថា កាលពីល្ងាចមិញកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលខេត្តពោធិ៍សាត់ បានចុះទៅបង្ក្រាប និងតាមចាប់ខ្លួនក្រុមបង្ក ប៉ុន្តែពួកគេបានរត់គេចខ្លួនបាត់ បន្សល់តែកាណូត និងសម្ភារមួយចំនួន។
បើតាមលោកស្នងការ ក្រុមផ្ទុះអាវុធនៅខាងខេត្តពោធិ៍សាត់ បណ្តាលឲ្យមនុស្សម្នាក់រងរបួស និងបន្ទាប់មកស្លាប់នោះ មានខ្លះជាមន្រ្តីយោធាផងដែរ ប៉ុន្តែមិនទាន់ដឹងថា នៅអង្គភាពណានោះទេ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីផ្ទុះអាវុធខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន៖
ទី១៖ ការណូតសំបកជ័រ០១គ្រឿង បណ្តោយ៨-៥០m ទទឹង១-២០m ជំរៅ១m ម៉ាស៊ីនម៉ាកហាយឡែនឌ័រ
ទី២៖ អាយកូម០២គ្រឿង
ទី៣៖ ឯកសណ្ឋានយោធាចំនួន០២កំប្លេ និងមួក០២
ទី៤៖ ការបូបស្ពាយ០២
ទី៥៖ អង្រឹង០២
ទី៦៖ ស្បែកជើង០២គូរ
ទី៧៖ កៅស៊ូភ្លៀង០១
ទី៨៖ អត្តសញ្ញាណប័ណ០២សន្លឹក
ទី៩៖ ប័ណ្ណប្រើប្រាស់អាវុធខ្លី០១
ទី១០៖ ឯកសារផ្សេងៗមួយចំនួនទៀត។
សេចក្តីរាយការណីបន្តថា នៅមុនពេលកើតហេតុ ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលក្នុងនោះទាហាន និងបុគ្គលិកអង្គការមានគ្នាប្រមាណ៥នាក់ ខណៈកំពុងធ្វើដំណើរនៅលើផ្ទៃទឹកបឹងទន្លេសាប បានប្រទះឃើញបទល្មើសនេសាទ ក៏បើកកាណូតប្រដេញ ចាប់ពីចំណុចពាក់កណ្តាលបឹងទន្លេសាប រហូតមកដល់ភូមិកោះក្អែក ស្រាប់តែបង្កឲ្យមានការផ្ទុះអាវុធ៤គ្រាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បណ្តាលឲ្យអ្នកនេសាទល្មើសច្បាប់ម្នាក់ មានឈ្មោះ ហោ យ៉ាំងទឹង ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិវៀតណាម រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ រួចក៏បញ្ជូនបន្តទៅរាជធានីភ្នំពេញ តែបានស្លាប់ពេលដឹកមកដល់ទឹកដីខេត្តកំពង់ឆ្នាំង៕