(ភ្នំពេញ)៖ ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍៦ចំណុច ដល់ក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាសម្រាប់អនុវត្តន៍ ដើម្បីពង្រឹងចលនាកាយរឹទ្ធិជាតិកម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត។
អនុសាសន៍៦ចំណុច ដែលសម្តេចតេជោ បានផ្តល់ជូននោះរួមមាន៖
១៖ ក្រុមប្រឹក្សាជាតិកម្ពុជាថ្នាក់ជាតិ រាជធានី-ខេត្ត ខណ្ឌ-ក្រុង-ស្រុក ត្រូវពង្រឹង និងជំរុញចលនាកាយរឹទ្ធិឲ្យមានការចូលរួមស្ម័គ្រចិត្តបន្ថែមទៀត និងអប់រំបណ្តុះបណ្តាល ដើម្បីពង្រឹកសម្ថភាពឲ្យកាន់តែល្អប្រសើរ។
២៖ កាយរឹទ្ធិកម្ពុជាត្រូវយកចិត្តទុកដាក់ជ្រើសរើសសមាជិកកាយរឹទ្ធិបន្ថែមទៀត ហើយត្រូវមានការចាត់តាំងមេដឹកនាំកាយរឹទ្ធិ ដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាបេក្ខជនប្រកួតប្រជែង ក្នុងចលនាកាយរឹទ្ធិពិភពលោក។
៣៖ បន្តការខិតខំប្រឹងប្រែងរៀបចំផែនការរយៈពេលវែង មធ្យម និងខ្លីរបស់ខ្លួនក្នុងការបង្កើតមូលនិធិកាយរឹទ្ធិ ដើម្បីជួយកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។
៤៖ ត្រូវបន្តរៀបចំ នឹងបង្កើតប្រសិទ្ធភាពគ្រប់គ្រង សកម្មភាពការងារ កាយរឹទ្ធិរាជធានី-ខេត្ត ខណ្ឌ-ក្រុង-ស្រុក ដើម្បីឲ្យមានដំណើរការកាន់តែល្អប្រសើរឡើង នឹងត្រូវរៀបចំគោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទ្ធិ ជាពិសេសត្រូវយកចិត្តទុកដាក់ប្រមូលផ្តុំកម្លាំងកាយរឹទ្ធិទាំងអស់ ដែលបានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ដែរមកបន្តការសិក្សា និងឧត្តមសិក្សាទាំងសាធារណៈ និងឯកជន។
៥៖ បង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាលកាយរឹទ្ធិ និងបណ្តុះបណ្តាល មេការិទ្ធ ដើម្បីផ្លាស់ប្តូរការបណ្តុះបណ្តាលជំនាញផ្សេង។
៦៖ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំកម្មវិធីទិវាទការឹទ្ធិ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ ដូចជា ការបោះជំរុំ ការជួបជុំកាយរឹទ្ធិប្រចាំឆ្នាំ និងទិវាសំខាន់ៗដទៃទៀត។
ក្នុងបិទសន្និបាតនាព្រឹកមិញនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានរំឭកពីស្នាដៃរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលបានខិតខំប្រឹងប្រែងជួយជ្រោមជ្រែងកាយរឹទ្ធិជាតិកម្ពុជា ចាប់តាំងពីមហាសន្និបាតលើកទី១ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៦ និងបានចូលរួមជំរុញចលនាកាយរឹទ្ធិជាតិកម្ពុជា រហូតបានចូលជាសមាជិកពេញសិទ្ធិក្នុងអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ និងបានធ្វើឲ្យចលនាកាយរឹទ្ធិជាតិកម្ពុជា កាន់តែត្រូវបានទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ។
សម្ដេចតេជោបានបន្តថា រហូតដល់បច្ចុប្បន្ននេះ សមាជិកកាយរឹទ្ធិជាតិកម្ពុជាជាកុមារ និងយុវជនបានកើនដល់ជាង ១៣ម៉ឺននាក់ ដែលទាំងអស់នេះ គឺកើតចេញពីការផ្សព្វផ្សាយ និងការពង្រីកសមាជិកនៅទូទាំងប្រទេស ការធ្វើអំពើល្អ សកម្មភាពសប្បុរសធម៌នៅតាមទីសាធារណៈ និងសកម្មភាពជួយសមាគម ការពង្រឹងនូវភាពជាអ្នកដឹកនាំ និងការបណ្ដុះបណ្ដាលជំនាញដល់មេដឹកនាំកាយរឹទ្ធិនៅគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជននៅទូទាំងប្រទេស។
ជាងនេះទៅទៀត សមិទ្ធផលដ៏ធំធេងនេះកើតចេញពីសក្ដានុពលនៃធនធានមនុស្ស និងកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឲ្យចលនាកាយរឹទ្ធិជាតិកម្ពុជាកាន់តែមានសកម្មភាពល្អប្រសើរទៅ នៅពាសពេញផ្ទៃប្រទេស ព្រមទាំងឆ្លើយតបនឹងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា សំដៅជំរុញចលនាកាយរឹទ្ធិឲ្យក្លាយជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព សម្រាប់ការអប់រំ និងហាត់ពត់លត់ដំទាំងគំនិតប្រាជ្ញាស្មារតី កាយសម្បទាដល់យុវជនកម្ពុជាឲ្យសកម្មខ្លាំងក្លាថែមទៀត។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជាបានឲ្យដឹងថា អង្គមហាសន្និបាតលើកទី៤របស់កាយរឹទ្ធិជាតិកម្ពុជា ដែលបានបើកធ្វើឡើងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ បានអនុម័តលើវិសោធនកម្មធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់កាយរឹទ្ធិជាតកម្ពុជា ឲ្យស្របតាមធម្មនុញ្ញរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ ដែលមានខ្លឹមសារកែប្រែលើ៣ចំណុច។
មិនតែប៉ុណ្ណោះអង្គសន្និបាតក៏បានអនុម័តជាឯកច្ឆ័ន លើផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា សម្រាប់ឆ្នាំ២០១៨-២០២០ ដែលធ្វើឲ្យអង្គការកាយរឹទ្ធិជាតិកម្ពុជាកាន់តែសកម្មភាព ចូលរួមពង្រឹងការល្បាតកង និងកងឯកភាពទាំងអស់ឲ្យបានរឹងមាំ និងក្លាយជាកម្លាំងបន្តវេន និងស្មោះត្រង់ជាមួយបាវចនាជាតិ «ជាតិ សាសនា ព្រះមហាក្សត្រ» និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕
សូមបញ្ជាក់ថា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតដំបូងមានឈ្មោះថា អង្គការខេមរកាយរឹទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៤ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាមួយថ្នាក់ដឹកនាំផ្សេងទៀត។ ជំនាន់ដំបូង នៃខេមរកាយរឹទ្ធិកម្ពុជាបានពង្រីក និងផ្សព្វផ្សាយទៅដល់៧-៨ខេត្ត ក្រុង និងមានសមាជិកច្រើនជាង ១០០០នាក់។
កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបាត់បង់ទៅវិញទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។ ក្រោមការផ្តួចផ្តើម និងជំរុញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ២០០០ និងបានរៀបចំរចនាសម្ព័ន្ធជាបន្តបន្ទាប់ពីថ្នាក់ជាតិ ដល់មូលដ្ឋាន។
កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបែងចែកជា៣ថ្នាក់រួមមាន៖ កាយរឹទ្ធិប្អូន (អាយុ៩-១១ឆ្នាំ), កាយរឹទ្ធិ (អាយុ ១២-១៧ឆ្នាំ) និងកាយរឹទ្ធិរៀមច្បង (អាយុ ១៨-២៥ឆ្នាំ)។ មកដល់ពេលបច្ចុប្បន្នកាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុប ១៣១,៧០៥នាក់ ក្នុងនោះកាយរឹទ្ធិប្អូនមានចំនួន ៤៧០៣នាក់ កាយរឹទ្ធិមានចំនួន ៩៣,៩៥៤នាក់ និងកាយរឹទ្ធិរៀមច្បងមានចំនួន ២០,៥៥០នាក់។
កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃអង្គការពិភពលោកចលនាកាយរឹទ្ធិនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានប្រកាសជាឱឡារឹកនៅក្នុងអង្គមហាសន្និបាតលើកទី៣៨នាថ្ងៃទី១៤-១៨ ខែកក្កដា ឆ្នាំ២០០៨ នៅកូរ៉េខាងត្បូង៕