(សៀមរាប)៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ខេត្តសៀមរាប (Pannasastra University of Cambodia-Siem Reap / PUC-SR) ចំនួន១៣នាក់ បានចេញដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣សប្ដាហ៍ ដើម្បីបំពេញទស្សនកិច្ចសិក្សា ដោយមានការសហការ និងសម្របសម្រួលពីសាកលវិទ្យាល័យនៃរដ្ឋកាលីហ្វ័រញ៉ា ក្រុងឡុងប៊ិច (California State University, Long Beach / CSULB) នៃសហរដ្ឋអាមេរិក។
ក្នុងការទៅទស្សនកិច្ចសិក្សានេះ គឺមានកម្មវិធីគ្រោងទុក និងមានកន្លែងស្នាក់នៅ អនុវត្តសកម្មភាព សិក្សាស្វែងយល់ផ្លាស់ប្ដូរបទពិសោធន៍ នៅសាកលវិទ្យាល័យ CSULB, ទស្សនាតំបន់ថតភាពយន្ដដ៏ល្បី ហូលីវូត, ទស្សនាតំបន់រមណីយដ្ឋាន, សារមន្ទីរ, ជួបសហគមន៍ខ្មែរ និងទៅវត្តអារ៉ាមព្រះពុទ្ធសាសនា ដែលរស់នៅសហរដ្ឋអាមេរិក, រួមនិងទៅទស្សនារដ្ឋមួយចំនួនទៀតនៃសហរដ្ឋអាមេរិក។
លោកសាស្ត្រាចារ្យ ឈួន សំឡី ដែលជាអ្នកដឹកនាំ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីបានសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមនិស្សិត នៃសាកលវិទ្យាល័យ PUC និង CSULB រួមនិងការទស្សនកិច្ចនាតំបន់ និងទីក្រុង រមណីយដ្ឋាន ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនទៀតផងដែរ។
លោកបានបញ្ជាក់ទៀតថា នេះជាលើកទីមួយហើយ ដែល PUC-SR បានរៀបចំដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ហើយក្រុមនិស្សិត ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនាពេលនេះ ក៏ដូចជាទៅតាមបណ្ដាប្រទេសមួយចំនួនទៀត នាពេលកន្លងទៅ គឺដោយសារក្រុមនិស្សិតទាំងនោះ ជាអ្នកបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌ និងសង្គម។
តំណាងនិស្សិតទាំង១៣នាក់ បានសម្ដែងការត្រេចអរ និងមោទនភាព ដែលបានចូលរួមក្នុងដំណើរការទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាពេលនេះ ហើយពួកគេបានសន្យាថា នឹងពាំនាំយកនូវវប្បធម៌ អរិយធម៌ សិល្បៈ ទំនាមទម្លាប់ និងប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញរបស់កម្ពុជា ទៅចែករំលែកជាមួយក្រុមសិស្សនិស្សិត រួមនិងអ្នកពាក់ព័ន្ធនានា នៅសហរដ្ឋអាមេរិក ដែលក្រុមគាត់ នឹងទៅទស្សនកិច្ចនាថ្ងៃនេះផងដែរ៕