(ភ្នំពេញ)៖ រដ្ឋសភា នឹងចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធខ្លួនឡើងវិញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ក្រោយមានតំណាងរាស្រ្តគ្រប់គ្រាន់ ដែលមកពីគណបក្សផ្សេងៗ។ នេះបើតាម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឃោសនានិងព័ត៌មាន។
ការរៀបចំរចនាសម្ព័ន្ធនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា ទើបនឹងបញ្ចូលសមាជិកថ្មីចំនួន៥៥រូបថែមទៀត ដើម្បីកាន់អាសនៈទំនេរ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ឃុបឃិតជាមួយប្រទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
នៅពេលនេះ រដ្ឋសភា មានសមាជិក១២៣រូប ក្នុងនោះមាន៧៩រូប មកពីគណបក្សប្រជាជនកម្ពុជា ៤១រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច ២រូបមកពីគណបក្សសញ្ជាតិកម្ពុជា និង១រូបមកពីគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។
សម្រាប់តំណែងក្នុងរចនាសម្ព័ន្ធដែលនៅទំនេរទាំងមុន និងក្រោយរំលាយគណបក្សសង្រ្គោះជាតិនោះ រួមមាន តំណែងអនុប្រធានទី១នៃរដ្ឋសភា រួមទាំងតំណែងប្រធាន និង អនុប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភា សរុបចំនួន១០ទៀតផងដែរ៕