(ភ្នំពេញ)៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីប្រកាសសុពលភាពរបស់តំណាងរាស្រ្តថ្មី ១៦រូប រួមទាំងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ អនុប្រធាន-សមាជិកថ្មីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៣រូប ដែលជំនួសអ្នកដែលបានលាលែង។ នេះបើតាម លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឃោសនានិងព័ត៌មាន។
លោក ឈាង វុន បានអះអាងថា តំណាងរាស្រ្តថ្មី១៦រូប ដែលទទួលស្គាល់ដោយគ.ជ.បនោះរួមមាន ១១រូប មកពី CPP ដែលទទួលបានការបែងចែកអាសនៈដោយគ.ជ.ប, ៤រូប មកពី CPP ផងដែរ ដែលជំនួសសមាជិកសភា៤រូបរបស់ CPP ដែលលាលែងដើម្បីទៅឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា និង១រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលជំនួស លោក នុត សុខុម ដែលលាលែងពីសមាជិករដ្ឋសភា ទៅឈរជាអនុប្រធានរបស់គ.ជ.ប។
ដោយឡែក បេក្ខជនអនុប្រធាន-សមាជិក គ.ជ.បថ្មី៣រូប ដែលត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅថ្ងៃទី០៧ ខែធ្នូនោះ រួមមាន ១៖ លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិច ២៖ លោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និងទី៣៖ លោក ឌឹម សុវណ្ណារុំ មកពីសាលាក្តីខ្មែរក្រហម។
បើតាម លោក ឈាង វុន នៅពេលប្រកាសសុពលភាពជូនតំណាងរាស្រ្តថ្មីទាំង១៦រូបហើយនោះ តំណាងរាស្រ្តទាំងនោះនឹងចូលស្បថនៅព្រះបរមរាជវាំងតែម្តង។
សូមបញ្ជាក់ថា ការរៀបចំតំណាងរាស្រ្តថ្មី និងអនុប្រធាន-សមាជិក គ.ជ.ប ថ្មីនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលរំលាយ គណបក្សសង្រ្គោះជាតិ។ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ អាសនៈចំនួន៥៥ បាននៅទំនេរ ដែលច្បាប់ត្រូវបែងចែកជូនគណបក្សមានសំឡេងបានការ ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ហើយក្រោយរំលាយគណបក្សសង្រ្គោះជាតិនេះ អនុប្រធាន-សមាជិកគ.ជ.ប ៣រូប រួមមាន លោក គួយ ប៊ុនរឿង, លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង ដែលមានកូតាមកពីគណបក្សសង្រ្គោះជាតិ បានដាក់ពាក្យលាលែងពីតំណែងផងដែរ៕