(ភ្នំពេញ)៖ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែធ្នូនេះ សម្រេចចោទប្រកាន់បុរសម្នាក់ដែលបើករថយន្តលឿនក្នុងស្ថានភាពស្រវឹង បុករះរថយន្តនិងម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួស នៅខណ្ឌជ្រោយចង្វារ។
មន្រ្តីតុលាការបានថ្លែងឲ្យដឹងថា ជនបង្កត្រូវបានចោទប្រកាន់ពីបទ «បើកបរធ្វេសប្រហែសបណ្តាលឱ្យស្លាប់និងរបួសអ្នកដទៃ» តាមមាត្រា៨៣ និងមាត្រា៨៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បច្ចុប្បន្នជនត្រូវចោទ និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។ ក្រុមជនរងគ្រោះ សង្ឃឹមថា ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនជនបង្ក ដើម្បីកាត់បន្ថយការធ្វេសប្រហែសបើកបរដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យស្លាប់មនុស្សយ៉ាងសាហាវបែបនេះ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៣៖២០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា នៅចំណុចមុខសាលាសង្កាត់ជ្រោយចង្វារ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ជនបង្កមានឈ្មោះ ឆាយ សុផា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិបាលីលេយ្យ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើករថយន្តម៉ាក LEXUS 470 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2Q-0999។
សាក្សីបានបញ្ជាក់ថា រថយន្តបើកបរពីត្បូងទៅជើង មកដល់កន្លែងកើតហេតុបុករថយន្តមួយគ្រឿងពីក្រោយ ម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Q-8385។ បន្ទាប់មករថយន្ត LEXUS បន្តបុករះរថយន្តនិងម៉ូតូ៤គ្រឿងទៀត ព្រមទាំងបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ សាន់ សុខន ភេទប្រុស អាយុ៣៦ឆ្នាំ ស្លាប់បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត៕