(ភ្នំពេញ)៖ ក្នុងសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបញ្ជាក់ថា ការរីកចម្រើនលើវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្ន មិនអាចកាត់ផ្ដាច់ចេញពីកត្តាសន្តិសុខបានជាដាច់ខាត ដែលបញ្ជាក់កាន់តែច្បាស់ថែមទៀតថា កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាពពេញលេញ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរ ហើយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក៏មានលំនឹងល្អផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ សម្រាប់ប្រារព្ធពិធីបុណ្យសមុទ្រ លើកទី៦ (ជុំទី២) នៅខេត្តកែប ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» អមដោយកម្មវិធីពិសេសៗជាច្រើនទៀត ពោលនៅសល់តែជិត២០ថ្ងៃទៀតប៉ុណ្ណោះ។
សារលិខិតអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការរីកចម្រើនទាំងនេះ (វិស័យទេសចរណ៍) ក៏មិនអាចកាត់ផ្ដាច់ចេញពីកត្តាសន្តិសុខ ពោលគឺបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថែមទៀត កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាពពេញលេញ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ល្អប្រសើរ ហើយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក៏មានលំនឹងល្អ»។
សម្តេចតេជោបានបន្តថា ការអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាមិនមែនធ្វើឡើង សម្រាប់តែពេលបច្ចុប្បន្ននោះទេ ប៉ុន្តែយើងត្រូវគិតគូរឲ្យបានវែងឆ្ងាយទៅដល់អនាគត ដោយត្រូវមានផែនការច្បាស់លាស់ និងគ្រប់គ្រងភ្ញៀវទេសចរឲ្យបានហ្មត់ចត់ ពិសេសស្របពេលដែលពិភពលោកទាំងមូល បាននិងកំពុងប្រឈមនឹងការវិវត្តថ្មីៗឥតឈប់ឈរ ទាំងលើសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ ទាមទារចាំបាច់ឲ្យមានការអភិវឌ្ឍទីក្រុងស្អាត ទីក្រុងបៃតង ឆ្នេរសមុទ្របៃតង និងកោះបៃតង ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីគោលការណ៍ណែនាំលើការអភិវឌ្ឍរមណីដ្ឋានឆ្នេរសមុទ្រ ដែលជាគំរូអភិវឌ្ឍគិតគូរដល់ការអភិរក្ស ថែរក្សាសម្បត្តិវប្បធម៌ ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព ពោលអភិវឌ្ឍន៍ដើម្បីអភិរក្ស ដោយត្រូវធានាឲ្យបាននូវនិរន្តរភាព និងតុល្យភាពផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។
ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទេសចរជាតិ-អន្តរជាតិ វិស័យឯកជន ប្រជាពលរដ្ឋ ចូលរួមឲ្យបានផុសផុលក្នុងពិធីបុណ្យសមុទ្រ នាពេលខាងមុខនេះ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិ-អន្តរជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋ ចូលរួមឲ្យកាន់តែសកម្មក្នុងចលនាប្រលងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត បដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានដែលជាកត្តាចម្បងមិនអាចខ្លះបាន ក្នុងការថែរក្សាតំបន់ឆ្នេរសមុទ្រឲ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ។
សូមរំឭកថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមទស្សនាជាង ៥០ម៉ឺននាក់ និងទទួលបានជោគជ័យយ៉ាងធំធេង៕