(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំនាយ និងពលអាវុធហត្ថចំនួន៣៣នាក់ ចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានឲ្យដឹងថា ថ្ងៃនេះលោកបានដឹកនាំមន្ត្រី និងពលអាវុធហត្ថខេត្តចំនួន៣៣នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាមសង្ក្រោះជីវិតប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវការឈាមជាចាំបាច់ ក្នុងការសង្ក្រោះជីវិតក្រុមគ្រួសារសាច់ញាតិ បងប្អូនរបស់ពួកគាត់។
លោកមេបញ្ជាការបានបន្តថា ការបូមឈាមជួយសង្គ្រោះជីវិតមនុស្ស គឺជាការងារមនុស្សធម៌មួយ ដែលយើងទាំងអស់គ្នាត្រូវតែធ្វើ ហើយត្រូវចាត់ទុកទង្វើដែលយើងបានធ្វើនេះ ដូចយើងបានធ្វើបុណ្យចឹងដែរ ហើយលោកសូមអំពាវនាវឲ្យមន្ត្រីអាវុធហត្ថតាមក្រុងស្រុកក្នុងខេត្ត ត្រូវចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានបញ្ជាក់ផងដែរថា «ការងាររបស់កងរាជអាវុធហត្ថឧត្តរមានជ័យ ក្រៅពីភារកិច្ចស្នូលការពារសន្តិសុខ សុវត្ថិភាពនៅក្នុងសង្គម និងការបង្ក្រាបបទល្មើសផ្សេងៗ យើងបានចូលរួម ក្នុងកិច្ចការសង្គមជាច្រើនដូចជា ជួយសាងសង់ផ្ទះប្រជាពលរដ្ឋក្រីក្រ ជួយបង្កបង្កើនផលដកស្ទូង ច្រូតកាត់..ជាដើម លើសពីនេះទៀតគឺយើងបានចូលរួមបរិច្ចាគឈាម ជួយសង្គ្រោះប្រជាពលរដ្ឋ តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជា និងក្រសួងសុខាភិបាលជាដើម៕