(ភ្នំពេញ)៖ បន្ទាប់ពីមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានគេដឹងថា ជាកូនប្រសារបស់លោក ហ៊ុន សាន, នៅពេលនេះវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានសម្រេចប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ នេះបើតាមមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។
ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំចំនួន២ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថាមានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការប្រគល់ឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃនេះដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា។
ការប្រគល់ខ្លួនជូនសមត្ថកិច្ចនៅពេលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី០៤ ខែធ្នូនេះ ដោយផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា៖
«ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្យ ខេត្តកណ្តាល ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹង បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»។
ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះកម្លាំងនគរបាលរបស់លោកប្រមាណ ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។
នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ។ ការសម្រេចកម្ទេចនេះ ក៏បានធ្វើឡើងក្រោយពេល ដែលសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងសាកសួរមនុស្សឃាត់ខ្លួនជាង១៥០នាក់ នៅស្នងការនគរបាលខេត្តកណ្តាលជាបណ្តោះអាសន្នផងដែរ៕
លោកថៃ ផានី ហៅម៉ាប់ ពេលសមត្ថកិច្ចនាំទៅដល់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅយប់ថ្ងៃនេះ