(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាហការជាមួយអង្គការគយពិភពលោកនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បើកសិក្ខាសាលាថ្នាក់ជាតិ នៃអង្គការគយពិភពលោកបណ្តុះបណ្តាលមន្ត្រីលើជំនាញប្រយុទ្ធប្រឆាំងការក្លែងបន្លំកម្មសិទ្ធិបញ្ញា។
សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយមានការចូលរួមពីអ្នកជំនាញការរបស់អង្គការគយពិភពលោកដឹកនាំដោយ លោកស្រី Saori NOJIMA។
សិក្ខាសាលានេះ មានការចូលរួមពីមន្រ្តីគយនិងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
សិក្ខាសាលានេះ មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើង ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសហការ ជាមួយអង្គការគយពិភពលោក និងក្រោមការឧបត្ថម្ភ ពីមូលនិធិកិច្ចសហប្រតិបត្តិការគយជប៉ុន ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងបង្កើនសមត្ថភាព ដល់មន្ត្រីអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងមន្ត្រីមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ស្តីពីការប្រយុទ្ធប្រឆាំងការធ្វើពាណិជ្ជកម្មផលិតផលក្លែងបន្លំកម្មសិទ្ធិបញ្ញា។
ថ្លែងក្នុងពិធីបើកលោកស្រី Saori NOJIMA បានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការជំរុញប្រសិទ្ធភាពការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេសដើម្បីស្វែងយល់បន្ថែមទៀតនូវ ការកសាងយុទ្ធសាស្ត្រផែនការសកម្មភាព បទប្បញ្ញត្តិ ច្បាប់ រចនាសម្ព័ន្ធគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងពាណិជ្ជកម្មផលិតផលក្លែងបន្លំកម្មសិទ្ធិបញ្ញា។
ក្នុងសុន្ទរកថាបើកសិក្ខាសាលានោះលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានថ្លែងអំណរគុណដល់អង្គការគយពិភពលោក និង រដ្ឋបាលគយជប៉ុនដែល បានរៀបចំសិក្ខាសាលា។
លោកបណ្ឌិតបានលើកឡើងថា ការធ្វើពាណិជ្ជកម្មផលិតផលក្លែងក្លាយមានផលប៉ះពាល់ច្រើនដល់ប្រទេសជាតិ រួមមាន ៖ ១) ប៉ះពាល់ដល់សុខភាពនិងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ២) បង្កជាឧបសគ្គ នៃការបង្កើតថ្មី និង គំនិតច្នៃប្រឌិត និង៣) បាត់បង់ ការប្រកួតប្រជែងដោយយុត្តិធម៌។
លោកបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរ ពីតួនាទីសំខាន់របស់រដ្ឋបាលគយ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងបន្លំកម្មសិទ្ធិបញ្ញានៅតាមព្រំដែន ដែលជាការងារអាទិភាព ដែលត្រូវតែយកចិត្តទុកដាក់ជាប្រចាំ។
ទន្ទឹមនេះលោកបណ្ឌិតក៏បានលើកឡើងផងដែរថា សិក្ខាសាលានេះ គឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ធ្វើការពិនិត្យឡើងវិញ ពីស្ថានភាពបច្ចុប្បន្នការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា ក្នុងការអនុវត្តច្បាប់នៅកម្មសិទ្ធិបញ្ញាកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់៕