(កណ្តាល)៖ ភ្លាមៗក្រោយមានបទបញ្ជាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យអ្នកនៅពីក្រោយខ្នងករណី បើកសង្វៀនជល់មាន់ដ៏ធំ នៅអរិយក្សត្រ ខេត្តកណ្តាលនោះ ប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាបន្ទាន់នោះ នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចក្នុងប្រតិបត្តិការចុះបង្រ្កាបទីតាំងជល់មាន់ខាងលើ។
ការសម្រេចកម្ទេចនេះ ក៏បានធ្វើឡើងក្រោយពេលដែលសមត្ថកិច្ច បានធ្វើកំណត់ហេតុ និងសាកសួរមនុស្សឃាត់ខ្លួនជាង១៥០នាក់ នៅស្នងការនគរបាល ជាបណ្តោះអាសន្នផងដែរ។
សូមបញ្ជាក់ថា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សមត្ថកិច្ចចម្រុះនៅខេត្តកណ្តាល បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបសង្វៀនជល់មាន់ដ៏ធំមួយ នៅលើទឹកដីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ ជាលទ្ធផលឃាត់ខ្លួនមនុស្សមិនតិចជាង១៥០នាក់ ដែលកំពុងចូលលេងល្បែងមួយនេះ ព្រមទាំងដកហូតរថយន្ដជាង៥០គ្រឿង និងម៉ូតូជិត២០០គ្រឿង។
ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថជាង ២០នាក់។
ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ៕