(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តចាម នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំគណៈស្នងការ អញ្ជើញទៅសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ឆាយ សុខា ស្នងការរងផែនអត្តសញ្ញាណកម្ម ដែលទើបមកពីធ្វើការវះកាត់ជំងឺនៅប្រទេសវៀតណាម បានត្រឡប់មកដល់គេហដ្ឋាន ដែលស្ថិតនៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដើម្បីផ្តល់កម្លាំងចិត្តជូនលោកឧត្តមសេនីយ៍ត្រីស្នងការរង ឲ្យបានឆាប់ជាសះស្បើយពីជំងឺ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បាននាំយកគ្រឿងឧបភោគបរិភោគ ដើម្បីយកទៅជូនលោកឧត្តមសេនីយ៍ត្រី ស្នងការរង មានដូចជា ទឹកដោះគោឆៅចំនួន០២កេស, ទឹកផ្លែឈើ០៣កេស, ទឹកប្រទាលកន្ទុយក្រពើ០២កេស, ទឹកសុទ្ធ០៥កេស, អង្ករ០១បេ ស្មើនឹង៥០គីឡូក្រាម និងថវិកាចំនួន៣,០០០,០០០ រៀលផងដែរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ដែលតែងតែយកចិត្តទុកដាក់ ដល់មន្ដ្រីទាំងអស់មិនថាឋានៈណានោះទេ។
លោកឧត្តមសេនីយ៍ ឯម កុសល ក៏បានជូនពរឲ្យលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា ឆាប់ជាសះស្បើយពីជំងឺ ដើម្បីបំពេញការងារជាថ្នាក់ដឹកនាំបន្ដទៀត៕