(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចំការលើ បង្ក្រាបទីតាំងជល់មាន់មួយកន្លែង នៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ។
ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកចំការលើ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាប ដឹកនាំដោយលោកអនុសេនីយ៍ទោ ស៊ុន គឹមឡាង នាយផ្នែកព្រហ្មទណ្ឌ ចុះបង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)។
បើតាមលោកស្នងការ ក្នុងពេលបង្ក្រាបជនសង្ស័យបានរត់គេចខ្លួនអស់បន្សលទុកវត្ថុតាង រួមមាន មាន់ឈ្មូលចំនួន០២ក្បាល, កន្ត្រក់ដាក់មាន់ចំនួន០១ និងម៉ូតូចំនួន០៧គ្រឿង។
ក្រោយប្រតិបត្តិការបង្ក្រាបវត្ថុតាងទាំងនោះ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងកំពុងស្រាវជ្រាវតាមចាប់ជនដែលរត់គេចខ្លួន៕