(ចូវសាន-ចិន)៖ លោក ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូនៃសមាគម អ.ម.ត ចុះអនុស្សរណៈជាមួយ Zhejiang Ocean University និងក្រុមហ៊ុន Chinanx Financial Group ក្នុងគោលបំណង ស្វែងរកកិច្ចសហប្រតិបត្តិការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសចិន សម្រាប់សិស្ស-និស្សិតកម្ពុជា ចំនួន២០នាក់ ក្នុងឆ្នាំ២០១៧-២០១៨ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧។
ថ្នាក់ដឹកនាំជាហត្ថលេខី ក៏បានពិភាក្សាបន្ថែមអំពីការចូលរួម និងលើកកម្ពស់កម្មវិធីអប់រំកម្ពុជា តាមរយៈការផ្តល់ឱកាសឱ្យសិស្ស-និស្សិតកម្ពុជា ទទួលបានអាហារូបករណ៍ បន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងនាមជាប្រធានសមាគម អ.ម.ត លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណភាគី សាកលវិទ្យាល័យ និងក្រុមហ៊ុនដែលបានផ្តល់កិច្ចសហប្រតិបត្តិការ លើការផ្តល់អាហារូបករណ៍ចំពោះសិស្ស-និស្សិតកម្ពុជា ដែលជាការចូលរួមយ៉ាងខ្លាំងក្នុងការ បណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា។
លោកបានផ្តាំផ្ញើនិស្សិត ដែលទទួលបានអាហារូបករណ៍នាឱកាសនេះ ត្រូវយកចិត្តទុកដាក់លើការសិក្សាទាំងផ្នែកភាសា និងជំនាញ ដើម្បីទទួលបាននូវចំណេះដឹងយ៉ាងពិតប្រាកដ ក្រោយពេលបញ្ចប់ការសិក្សា និងវិលត្រលប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនទៅមុខ។
គួរកត់សម្គាល់ផងដែរ បេសកកម្មរបស់សមាគម អ.ម.ត គឺស្វែងរកឱកាសអាហារូបករណ៍កម្មសិក្សាការងារ ដល់យុវជនកម្ពុជាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ដោយឡែក តាមរយៈសមាគម អ.ម.ត ចាប់ពីឆ្នាំ២០០៩ មកដល់បច្ចុប្បន្ននេះ និស្សិតកម្ពុជា បានបញ្ជូនទៅសិក្សានៅប្រទេសចិន ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បានចំនួន៩៨នាក់ហើយ។
បន្ទាប់ពីការចុះអនុស្សារណយោគយល់គ្នារវាងស្ថាប័នទាំង២រួចមក គណប្រតិភូក៏បានអញ្ជើញដើរទស្សនាសាកលវិទ្យាល័យ Zhejiang Ocean និងកន្លែងស្នាក់នៅរបស់និស្សិតខ្មែរស្នាក់នៅ សាកលវិទ្យាល័យនេះផងដែរ៕