(ភ្នំពេញ)៖ ក្រោមការសហការរៀបចំពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងសហភាពគមនាគមន៍អន្ដរជាតិ (ITU) បានរៀបចំសិក្ខាសាលាមួយស្ដីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៧ ដោយកម្ពុជាក្លាយទៅជាម្ចាស់ផ្ទះ ក្នុងការរៀបចំដែលប្រព្រឹត្តឡើងរយៈពេល០៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ រួមទាំងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។ សិក្ខាសាលានេះ រៀបចំឡើងចាប់ពីថ្ងៃទី០៤ ខែធ្នូ រហូតដល់ថ្ងៃទី០៧ ខែធ្នូឆ្នាំ២០១៧។
លោក ត្រាំ អ៊ីវតឹក បានថ្លែងឲ្យដឹងថា «សិក្ខាសាលានេះរៀបចំឡើងរវាងក្រសួង និងសហភាពទូរគមានគមន៍អន្ដរជាតិ ខាងផ្នែកវិទ្យុគមនាគមន៍ មានន័យថា ITU នេះ មានបីផ្នែករួមមាន ផ្នែកអភិវឌ្ឍន៍, ផ្នែកបច្ចេកទេស និងផ្នែកវិទ្យុ។ ផ្នែកវិទ្យុគមនាគមន៍នេះជាផ្នែកមួយសំខាន់សម្រាប់បច្ចេកវិទ្យាដែលឥតប្រើខ្សែ ដែលបច្ចេកទេសនេះ អាចប្រើទាំងមានខ្សែ និងអត់ខ្សែ»។
សិក្ខាសាលាថ្នាក់តំបន់នេះ ជាវេទិកាអន្ដរជាតិមួយ ប្រកបដោយអត្ថន័យ ដែលនឹងពិភាក្សាផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍ ទៅលើកាវិវត្តន៍បច្ចេកវិទ្យា ការប្រើប្រាស់វិសាលភាពវិទ្យុគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ការៀបចំសម្រាប់ការវិវត្តិ និងការប្រើប្រាស់បច្ចេកវិទ្យា 5G នៅពេលអនាគត ដោយទាញយកប្រយោជន៍ ពីបច្ចេកវិទ្យានេះ ប្រកបដោយសុខដុមនីកម្ម ដែលធានាបាននូវតម្លៃសមរម្យ អាចលៃលកបានសម្រាប់ប្រជានតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលជារដ្ឋសមាជិករបស់ ITU ៕